អាជា្ញធរអគ្គិសនីកម្ពុជា គ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ ឱ្យនៅដដែលដូចឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ ដោយរក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនីឱ្យនៅដដែលដូចឆ្នាំ២០២៣ ដោយគ្រាន់តែបន្ថយអត្រាថ្លៃប្រើប្រាស់អានុភាព និងកែលំអលក្ខខណ្ឌ និងរចនាសម្ព័ន្ធថ្លៃខ្លះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់ អ្នកប្រើប្រាស់អគ្គិសនីឡើយ​។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ដែលចុះហត្ថលេខា ដោយប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ឯកឧត្តម យឹម វិសិដ្ឋ  ដល់អ្នកប្រើប្រាស់អគ្គិសនី ដែលស្ថិតនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនី របស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជនចំនួន ៣៤២ អាជ្ញាបណ្ណ គ្រ​ប​ដណ្តប់លើភូមិសាស្ត្រ ២៤ រាជធានី-ខេត្ត។

តាមរយៈសេចក្តីជូនដំណឹង លោកបាន​លើកឡើង​ថា ​យោងតាម​ប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ​ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការដាក់ឱ្យ​អនុវត្តផែនការបញ្ជីថ្លៃលក់អគ្គិសនី សម្រាប់ឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ គឺ រក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនីឱ្យនៅដដែលដូចឆ្នាំ២០២៣ ដោយគ្រា​ន់តែបន្ថយ អត្រាថ្លៃប្រើប្រាស់អានុភាព និងកែលំអលក្ខខណ្ឌ និងរចនាសម្ព័ន្ធថ្លៃខ្លះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃ​លក់របស់ អ្នកប្រើប្រាស់អគ្គិសនីនោះទេ។

ប្រភពដដែល​បាន​បញ្ជាក់ថា ​ក្នុងករណី ថ្លៃសម្រាប់អ្នកប្រើប្រាស់ មានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យ ត្រូវដាក់ផែនការ ឱ្យអនុវត្តតាមការកំណត់នៅក្នុងបញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៣ ជាបណ្តោះអាសន្នសិន រហូតដល់អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការកំណត់អត្រាថ្លៃប៉ះប៉ូវពីអ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ក្នុងក្របខណ្ឌនៃប្រកាស​របស់ក្រសួងរ៉ែ និងថាមពល ជាផ្លូវការរួចរាល់ ទើបកំណត់ឱ្យអនុវត្ត​តាមអត្រាថ្លៃប៉ះប៉ូវនេះ។​

តាមរយៈសេចក្តីជូនដំណឹង​ ឯកឧត្តម យឹម វិសិដ្ឋ បញ្ជាក់​ថា អនុវត្តតាមនីតិវិធីកំណត់របស់ច្បាប់ស្តីពីអគ្គិសនីនៃកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាសូមដាក់ «បញ្ជីថ្លៃលក់អគ្គិសនី» នេះ ពិគ្រោះយោបល់ជាសាធារណៈ ជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់អគ្គិសនី នៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីឯកជនទាំង ៣៤២ អាជ្ញាបណ្ណ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ឯកឧត្ត​មបានបន្តថា ៖ «ក្រោយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បញ្ជីថ្លៃលក់អគ្គិសនីនេះ នឹងត្រូវចាត់ទុកថាបានឆ្លងកាត់ការពិគ្រោះយោបល់រួច ហើយអាជ្ញាធរអគ្គិសនីកម្ពុជា អាចធ្វើការពិនិត្យ និងអនុម័តបញ្ជីថ្លៃលក់អគ្គិសនីនេះ ទៅតាមការកំ​ណត់របស់ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា»។​

ឯកឧត្តម យឹម វិសិដ្ឋ បញ្ជាក់ទៀតថា ៖ «ដើម្បីឱ្យអាជ្ញាធរអគ្គិសនីកម្ពុជាអាចអនុវត្តការកំណត់បញ្ជីថ្លៃលក់អគ្គីសនី ស្របទៅតាមច្បាប់ស្តីពីអគ្គិសនី ​អាជ្ញាធរអគ្គិសនីកម្ពុជាសំណូមពរឱ្យ​ការផ្តល់យោបល់មក​អាជ្ញាធរអគ្គិសនីកម្ពុជា មានមូលដ្ឋានសំ​អា​ងគ្រប់គ្រាន់ ដើម្បីរក្សាបានយុត្តិធម៌រវាងផលប្រយោជន៍របស់អ្នកប្រើប្រាស់ផង និងអ្នកផ្គត់ផ្គង់ផង»។

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការកំណត់ថ្លៃអគ្គិសនីឱ្យបានច្បាស់​លាស់ និងការបើកទទួលយកសំណូមពរ និងការផ្តល់យោបល់ពីសំណាក់ភាគីពាក់ព័ន្ធនេះ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវ ដែ​លបង្ហាញនូវតម្លាភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់សេវាអគ្គិសនី។

លោកបានបញ្ជាក់បែបថា ៖ «ដូចយើងដឹងស្រាប់ហើយ មនុស្ស ផ្លូវ ទឹក ភ្លើង (អគ្គិសនី) គឺជា​ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំ​ខាន់ក្នុងការកសាងគ្រឹះនៃសេដ្ឋកិច្ចជាតិ។ យើងបានមើលឃើញ រាជរដ្ឋាភិបាល បានខិតខំច្រើនលើការកសាងនូវបណ្តាញអគ្គិសនី ជាពិសេសការកសាងស្ថានីយវារីអគ្គិសនី​បន្ថែម ដើម្បីបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋឱ្យបានគ្រប់គ្រាន់ ហើយនេះជាអ្វីដែលយើងគួរសាទរ»។

លោក​ ហុង វណ្ណៈ បានបន្ថែមថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យអគ្គិសនីកម្ពុជាធ្វើការបញ្ចុះថ្លៃបន្ថែម ជូនចំពោះវិស័យកសិកម្ម, ការកែច្នៃកសិឧស្សាហកម្ម, ឧស្សាហកម្ម,​ ពាណិជ្ជកម្ម និង ទេសចរណ៍, ទៅតាមរដូវកាលដែលមា​នកំណើន ដើម្បីជំរុញការផលិត និងបង្កើនសកម្មភាពទេសចរណ៍ ក្នុងន័យស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិជាសាកល បណ្តាលមកពីកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែន។

បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ធ្លាប់បានលើកឡើងដែរ​ថា រាជរដ្ឋាភិបាលបានផ្តល់ការឧបត្ថម្ភធនជាង ១០០ លានដុល្លារ ជារៀងរាល់ឆ្នាំ ពីអាជីវកម្មរបស់អគ្គិសនីកម្ពុជា។

 លោកបានបញ្ជាក់ថា ៖ «បច្ចុប្បន្នថ្លៃលក់អគ្គិសនី​នេះ មានអត្រាថ្លៃអនុគ្រោះ ៣៨០រៀល, ៤៨០រៀល និង ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់ជួយដល់លំនៅឋានគ្រួសារមានចំណូលទាប និងមធ្យម ដែលប្រើអគ្គិសនីតិច, ថ្លៃ ៤៨០រៀល សម្រាប់ជួយដល់ការប្រើប្រាស់អគ្គិសនីលើវិស័យកសិកម្មដែលប្រើនៅពេលយប់ ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៧:០០ព្រឹក និងថ្លៃ​ ៦១០រៀល ក្នុង មួយគីឡូវ៉ាត់ម៉ោង សម្រាប់ជួយដល់អ្នកប្រើប្រាស់ប្រភេទ សាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតាមជនបទ»៕

ដោយ៖វណ្ណ សុជាតា

ads banner