រដ្ឋមន្ត្រីការងារលើកទឹកចិត្តដល់ជនមានពិការភាពកុំអស់សង្ឃឹមក្នុងជីវិត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បាន​ផ្តាំផ្ញើ និង​លើកទឹកចិត្តដល់ជនមានពិ​កា​រភាព កុំមានការតូចចិត្ត និងអស់សង្ឃឹមក្នុងជីវិត តែ​ត្រូវចេះតស៊ូជំនះ ដើម្បីងើបផុតចេញពីភាពជាបន្ទុកសង្គ​ម ហើយអាចជួយសង្គមវិញបាន ​ខណៈរដ្ឋាភិបាលនិងសង្គមស៊ីវិល​ កំពុងព្យាយាមស្វែងរកមធ្យោបា​យ​ផ្តល់ឱកាសសម្រាប់ជន​មានពិការភាពចូលរួម​ក្នុង​សង្គមឱ្យបានច្រើនដែរ​។​

​ឯកឧត្តម ហេង សួរ បាន​ថ្លែង​ដូចនេះតាមរយៈ​វីដេអូឃ្លីបដែល​ផ្សព្វផ្សាយដោយក្រសួងការងារ​ នៅថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ២០២៤ ដោយ​លោកបាន​ផ្តាំដល់ជនមានពិការភាពទាំងឡាយ ត្រូវមានសង្ឃឹមក្នុងជីវិត ដើម្បីអា​ចសម្រេចជោគជ័យបាន បើសិនអាចឆ្លងកាត់ឧបសគ្គពិបាកទាំងឡាយបាន។

ឯកឧត្តមបាន​ថ្លែង​ថា ៖ «កុំតូចចិត្ត នៅពេលគេនិយាយអ្វីមួយពាក់ព័ន្ធនឹងពិការភាពរបស់យើង។ ខ្ញុំខ្លួនឯងផ្ទា​ល់ ក៏ធ្លាប់លួងខ្លួនឯងថា គេនៅនិយាយអ្វីមួយពាក់ព័ន្ធជាមួយយើង កុំចាត់ទុកថា គេមើលងាយយើង។ ជួ​នកាលដោយអចេតនា ដោយសារនៅក្នុងចំណោមមនុស្សច្រើន ១០០នាក់ ដោយ៩៨នាក់ជា​មនុស្សទូ​ទៅ ដល់ពេលគេមិនបានចាប់អារម្មណ៍យើង ​គេនិយាយលេង​មកដល់យើង តែកុំឱ្យពាក្យបន្តិចបន្តួចហ្នឹង ធ្វើឱ្យខ្លួនឯងបាក់ទឹកចិត្ត»។

ទន្ទឹមនឹងនេះឯកឧត្តមក៏បានបញ្ជាក់ដែរថា ជនមានពិការភាព មិនមែនជាបន្ទុកសង្គមអស់មួយជីវិតឡើយ ​លុះ​ត្រាតែសង្គមទាំងមូល ក្រុមគ្រួសារ និងជនមានពិការភាពខ្លួ​នឯង​​អស់សង្ឃឹម ទើបក្លាយជាបន្ទុកសង្គមជា​ដរាប ។

ឯកឧត្តម​បញ្ជាក់បន្ថែមថា ៖ «ខ្ញុំបានពិភាក្សាជាមួយអ្នកជំនាញ និងពិនិត្យមើលការអនុវត្តនៅប្រទេសផ្សេងៗ ដើម្បីធ្វើម៉េចឱ្យបងប្អូនមានពិការភាពនេះ ទទួលបានឱកាសសមរម្យ ហើយ​ជាពិសេសគឺការងារ»។

លើសពីនេះ លោកក៏បាន​ស្នើដល់អង្គការក្រៅរដ្ឋាភិបាល និងដៃគូសហការនានា ជាពិសេសអង្គការសង្គមស៊ីវិលជាង៤០ ដែលធ្វើការពាក់ព័ន្ធជនមានពិការភាព ផ្ជង់ផ្តើមសហការដើម្បីស្វែងរកឱកាសសម្រាប់ដល់ជនមានពិការភាព តួយ៉ាងការទទួលបានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ(TVET) ក្នុងកម្មវិធីរបស់រដ្ឋាភិបាលជាដើម ដើម្បីទទួលបានជំនាញមួយពិតប្រាកដជាទុនសម្រាប់ចិញ្ចឹមជីវិត។

ឯកឧត្តម ហេង សួរ ​បានបញ្ជាក់​ថា នៅកម្ពុជា ជនពិការភាពទទួលបានសិទ្ធិបំពេញការងារជាផ្លូវការ ទាំងវិស័យសាធារណៈ និងវិស័យឯកជន ដែលមកទល់ពេលនេះស្ថិតក្នុងអត្រាមិនដល់ ១ភាគរយ នៅឡើយទេ ប៉ុន្តែរ ដ្ឋាភិបាលនឹងជំរុញបន្ថែមទៀតក្នុងអត្រា ៣ភាគរយហើយលោកក៏ស្នើដល់វិស័យឯកជនគួរ​បង្កលក្ខណៈងាយស្រួ​លសម្រាប់ជនមានពិការភាពចូលបម្រើការផងដែរ។

ជុំវិញបញ្ហានេះ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ជនមានពិការភាព ក៏ជាពលរដ្ឋរស់នៅក្នុងសង្គម ដែលត្រូវមានឋានៈ ជាពលរដ្ឋមានសេចក្តីថ្លៃថ្នូក្នុងសង្គម ដែលការងារនេះទាមទារការផ្តល់លក្ខណៈសមធម៌ពីសង្គមដល់ជនមានពិការភាព មិនថាពិការដៃ ជើង ភ្នែក គថ្លង់ តិចក្តី ច្រើនក្តី ខណៈសព្វថ្ងៃជនមានពិការភាពមួយចំនួនជ្រើសរើសយកការសុំទានតាមទីសាធារណៈដើម្បីចិ​ញ្ចឹមជីវិត ព្រោះជីវភាពលំបាក។

លោក​ថា ៖ «ការជំរុញអ​ត្រាការងារដល់ជនមានពិការភាព ពិតជារឿងត្រឹមត្រូវ ក៏ប៉ុន្តែសូមឱ្យមានការអនុវត្ត​ជាក់ស្តែង ជាពិសេសការបង្កលក្ខណៈសមធម៌  លុបបំបាត់ការរើសអើស បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ចំណេះជំនាញទៅតាមនីតិសម្បទារៀងៗខ្លួន។ សង្ឃឹមថា​​ គោលនយោបាយសន្យានេះ អនុវត្តជាក់ស្តែង»​។

បណ្ឌិត យង់ ពៅ សង្កេតឃើញថា ចំណុចឧបសគ្គធំៗ លើការជំរុញអ​ត្រាការងារដល់ជនមានពិការភាពនេះ គឺទី១ពាក់ព័ន្ធទៅនឹង​ការរើសអើងតាំងពីសំណាក់សង្គម និងជនពិការខ្លួនឯង, ទី២ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលសមត្ថភាពក៏មិនទាន់មុតស្រួចនិងទី៣ ពាក់ព័ន្ធការយឺតយ៉ាវក្នុងការអនុវត្តគោលនយោបាយដែលបានដាក់ចេញ៕

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner