សម្តេចសង្ឃ Pope Francis អំពាវនាវឱ្យបញ្ចប់សង្គ្រាម នៅហ្គាហ្សា និងអ៊ុយក្រែន
វ៉ាទីកង់៖ សម្តេចសង្ឃកាតូលិក Pope Francis បានទទូចឱ្យបញ្ឈប់ការបង្ហួរឈាមនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន ស្របពេលដែលពិភពលោកប្រារព្វពិធីបុណ្យគ្រឹស្មាស់។
នៅក្នុងពិធីបុណ្យគ្រឹស្មាស់ប្រចាំឆ្នាំ “Urbi and Orbi” នៅបុរីវ៉ាទីកង់ សម្តេចសង្ឃកាតូលិក Pope Francis បានអំពាវនាវឱ្យបញ្ចប់សង្រ្គាម និងបួងសួងឱ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាកន្លែងដែលសង្គ្រាមកំពុងបំផ្លិចបំផ្លាញជីវិតមនុស្ស។ សម្តេចសង្ឃ Pope ក៏បានរំលឹកឡើងវិញនូវការអំពាវនាវជាបន្ទាន់ ឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងឱ្យមានដំណោះស្រាយចំពោះស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។
បន្ថែមលើនេះ សម្តេចសង្ឃ Pope ក៏បានមានបន្ធូលអំពាវនាវស្វែងរកសន្តិភាពក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ បើទោះបីជាមានការអំពាវនាវរបស់សម្តេចសង្ឃ Pope ស្វែងរកការប្រណីជីវិតក្នុងអំឡុងពេលបុណ្យគ្រឹស្មាស់យ៉ាងណាក៏ដោយ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សដដែល។
គួរបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីក្រុមយុទ្ធជនហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,១៤០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់។ អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងយុទ្ធនាការយោធាឥតឈប់ឈរ ដែលបានសម្លាប់មនុស្សជាង ២០,៤០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

