ទឹកជំនន់វាយប្រហារថៃ ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់រងផលប៉ះពាល់
បាងកក៖ ក្រុមមន្ត្រីនៅថ្ងៃចន្ទសប្តាហ៍នេះនិយាយថា ទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ នៅភាគខាងត្បូងប្រទេសថៃ ខណៈដែលផ្លូវថ្នល់ និងផ្លូវរថភ្លើងមួយចំនួនបិទដំណើរការជាបណ្តោះអាសន្ន។
ទឹកជំនន់បានជន់លិចរថយន្ត និងផ្ទះសម្បែងប្រជាជនរស់នៅតាមដងផ្លូវ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ ប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់នៅក្នុងខេត្តជាច្រើន នៃភាគខាងត្បូងប្រទេសថៃ ជាពិសេសខេត្តណារ៉ាធីវ៉ាត់ និងយ៉ាឡា។ ផ្លូវមួយចំនួន និងសេវារថភ្លើងជាច្រើនបានផ្អាកជាបណ្តោះអាសន្ន ហើយយ៉ាងហោចណាស់សាលារៀនរាប់សិបបានបិទទ្វារ ដោយសារទឹកជំនន់។
វីដេអូខ្លីមួយបានបង្ហាញពីអ្នកស្រុកសង្ខំក្នុងផ្ទះ និងហាងលក់ដូរនានា ដែលត្រូវទឹកជំនន់ជន់លិច។ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កបញ្ហានៅតំបន់ឆ្នេរសមុទ្រផងដែរ ដោយយ៉ាងហោចណាស់មានទូកចំនួន៧គ្រឿងបានលិចនៅក្នុងឈូងសមុទ្រថៃ និងសមុទ្រអានដាម៉ាន ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ថៃបញ្ជាក់ថា ដោយសារបញ្ហាផ្លូវ, រថភ្លើងដែលធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង ហើយបន្តទៅកាន់ព្រំដែនម៉ាឡេស៊ី បានឈប់សំចតនៅខេត្តយ៉ាឡា។ បន្ថែមលើនេះ អាជ្ញាធរបានព្រមានដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ ឱ្យត្រៀមភៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
