នាយករដ្ឋមន្រ្តីអ៊ីស្រាអែល៖ គ្មានសន្តិភាពទេ រហូតដល់ក្រុមហាម៉ាសត្រូវកម្ចាត់

ហ្ស៊េរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយថា សន្តិភាពនៅហ្គាហ្សានឹងកើតមាន បើសិនក្រុមហាម៉ាសត្រូវបានកម្ទេចចោល បន្ទាប់ពីព្រមានថា សង្រ្គាមនេះនឹងកាន់តែក្តៅគគុកឡើង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានលើកឡើងជាថ្មី នូវបុរេលក្ខខណ្ឌសម្រាប់សន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលក្នុងនោះគឺរួមមានការកម្ទេចក្រុមហាម៉ាសឱ្យបានជាដាច់ខាត។ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ក្រុមហាម៉ាសចាំបាច់ត្រូវតែកម្ទេចចោល តំបន់ហ្គាហ្សាត្រូវតែរំលាយអាវុធ ហើយសង្គមប៉ាឡេស្ទីន ត្រូវតែលាងជម្រះផ្នត់គំនិតជ្រុលនិយម។ ចំណុចទាំងនេះ គឺជាបុរេលក្ខខណ្ឌទាំង៣ សម្រាប់ការឆ្ពោះទៅរកសន្តិភាពរវាងអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីននៅហ្គាហ្សា។

គួរបញ្ជាក់ថា សង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បានទម្លុះព្រំដែនយោធា និងឆ្មក់វាយប្រហារនៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,១៤០នាក់ ដែលភាគច្រើនជាជនស៊ីវិល។

អ៊ីស្រាអែលនិយាយថា ពួកសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ផងដែរ។ បើតាមអាជ្ញាធរតំបន់ហ្គាហ្សា គិតមកទល់ពេលនេះ សង្គ្រាមប្រឆាំងក្រុមហាម៉ាស ដែលជាការសងសឹករបស់អ៊ីស្រាអែល បានធ្វើឱ្យជនជាតិប៉ាឡេស្ទីនសរុបជិត ២០,៧០០នាក់ហើយ ត្រូវបានសម្លាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner