គណបក្សកាន់អំណាច តៃវ៉ាន់ ចោទ បក្ស ប្រឆាំង ថា ជា ក្រុម គាំទ្រ បក្សកុម្មុយនីស្តចិន
តៃប៉ិ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មេដឹកនាំជួរមុខរបស់គណបក្សកាន់អំណាចនៅតៃវ៉ាន់ ដែលជាបេក្ខជនប្រធា នាធិបតីនៅអាណត្តិបន្ទាប់ បានចោទប្រកាន់គណបក្សប្រឆាំងថា បាន បោះបង់ ចោលនូវផ្នត់គំនិត ប្រឆាំង កុម្មុយនីស្ត និងងាកទៅ គាំទ្រ ចិនជ្រុលហួសហេតុ ។ ការចោទប្រកាន់ខ្លាំងៗនេះ ធ្វើឡើងនៅមុនពេលដែលថ្ងៃបោះឆ្នោតជិតឈានចូលមកដ ល់ ពោលគឺនៅថ្ងៃទី១៣ ខែមករាខាងមុខនេះ។
អនុប្រធានាធិបតី លោក ឡៃ ឈិង តេ (Lai Ching-te) ដែលឈរឈ្មោះជាប្រធានាធិបតីមកពី គណបក្ស ប្រជាធិបតេយ្យ រីកចម្រើន (DPP) ដែលជាបក្សកាន់អំណាច បានលើកឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា គណបក្សគួមីនតាំង (KMT) ធ្លាប់បានដឹកនាំប្រឆាំងនឹងរបបកុម្មុយនីស្តចិន ប៉ុន្តែឥឡូវនេះមេដឹកនាំរបស់ខ្លួនមិនត្រឹមតែបរាជ័យក្នុងការបន្តប្រឆាំងចិននោះទេ ផ្ទុយទៅវិញគឺនាំគ្នាគាំទ្រកុម្មុយនីស្តចិនកាន់តែខ្លាំង។
ការបោះឆ្នោតប្រធានាធិបតី និងសភានៅតៃវ៉ាន់ក្នុងខែមករាខាងមុខនេះ ធ្វើឡើងខណៈពេលដែលប្រទេសចិនកំពុងបង្កើនសម្ពាធទាំងយោធា និងនយោបាយ ដើម្បីទាមទារសិទ្ធិអំណាច ចង់គ្រប់គ្រងលើកោះតៃវ៉ាន់។ បន្ថែមលើនេះ ប្រ ទេសចិនបានចាត់ទុក លោក ឡៃ ថាជាអ្នកបំបែកខ្លួននិយមដ៏គ្រោះថ្នាក់ ហើយថាការបោះឆ្នោតនៅតៃវ៉ាន់ គឺជាការសម្រេចចិត្តរវាងសង្រ្គាម និងសន្តិភាព។
លោក ឡៃ បាននិយាយថា ៖ «នៅពេលណាដែលមានការបោះឆ្នោតនៅតៃវ៉ាន់ ចិនតែងតែព្យាយាមជ្រៀតជ្រែក ដោយមានបំណងគាំទ្រគណបក្សដែលមានទំនោរគាំទ្រខ្លួន»។ ការ ថ្លែង បែប នេះ ធ្វើឡើងនៅខណៈពេលដែលលោកកំពុង ឈរក្បែរ បេក្ខជន ប្រធានាធិបតី មកពីគណបក្ស គួមីនតាំង លោក ហ៊ូ យូអ៊ី (Hou Yu-ih)។
លោក ឡៃ បានសរសើរអតីតប្រធានាធិបតីតៃវ៉ាន់ លោក ជាង ឈិងគួ (Chiang Ching-kuo) ដែលត្រូវជាកូនប្រុសរបស់ លោក ជាង កៃហ្សិក ថា លោកតែងតែប្រឆាំងដាច់ខាតជាមួយកុម្មុយនីស្តចិន។ លោកបានបន្ថែមថា នៅពេលដែលចិនគំរាមកំហែងតៃវ៉ាន់ បែរជាមេដឹកនាំមកពីគណបក្សគួមីនតាំង ដូចជាអតីតប្រធានាធិបតី ម៉ា យីងជូ (Ma Ying-jeou) ជាដើម មកបន្ទោសថាតៃវ៉ាន់ជាអ្នករករឿងចិនទៅវិញ។
លោក ឡៃ បានថ្លែងថា ៖ «ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាក្នុងប្រទេសសម្រេចចិត្ត ថាតើគណបក្សគួមីនតាំង កំពុងដើរតាមគន្លងរបស់លោក ឈិងគួ ដែរឬទេ?» រីឯប្រទេសចិនវិញ បានចាត់ទុកការបោះឆ្នោតនៅតៃវ៉ាន់ថាជាកង្វល់របស់ខ្លួន ហើ យថាការចោទប្រកាន់ពីការជ្រៀតជ្រែករបស់ចិនចូលទៅក្នុងការបោះឆ្នោត គឺជាយុទ្ធសាស្ត្ររបស់គណបក្ស ប្រជាធិបតេយ្យ រីកចម្រើន ដើម្បីទទួលបានសំឡេងឆ្នោតតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក ហ៊ូ បានប្រាប់អ្នកសារព័ត៌មានថា លោកសូមថ្កោលទោសនូវអ្វីដែលជាការចោទប្រកាន់មិនពិត និងការប៉ុនប៉ងលាបពណ៌ តាមរយៈការផ្សារភ្ជាប់គណបក្សគួមីនតាំង ទៅនឹងពណ៌ក្រហម ដែលជានិមិត្តសញ្ញានៃគណបក្សកុម្មុយនីស្តចិន។
កន្លងមក គណបក្សគួមីនតាំង តែងតែចូលចិត្តមានទំនាក់ទំនងល្អជាមួយប្រទេសចិន ប៉ុន្តែបដិសេធចំពោះការចោទប្រកាន់ថាគាំទ្រចិន។ យ៉ាងណាមិញ ស្រដៀងគ្នាទៅនឹងគណបក្ស ប្រជាធិបតេយ្យ រីកចម្រើនដែរ គឺថាគណបក្សគួមីនតាំង តែងតែអះអាងថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិកំណត់ជោគវាសនារបស់ពួកគេបាន។
លោក ហ៊ូ បាន លើក ឡើង ថា ៖ «យើង មិន គួរ ប្រើ ការ ចោទ ប្រកាន់ មិន ពិត ឬ ការផ្សារ ភ្ជាប់ មនោគមវិជ្ជា កុម្មុយនីស្ដនៅក្នុ ងយុទ្ធនាការ បោះ ឆ្នោត ឡើយ»។ គួរបញ្ជាក់ថា សំឡេងគាំទ្ររបស់លោក ឡៃ បាននាំមុខលោក ហ៊ូ នេះបើយោងតាមកា រ ស្ទង់ មតិមួយដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ៕
ប្រែសម្រួល:ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia
Taiwan presidential frontrunner accuses opposition party of being ‘pro-communist’
https://www.channelnewsasia.com/asia/taiwan-elections-frontrunner-william-lai-dpp-kmt-pro-china-4011181