ខ្យល់ព្យុះបំផ្លាញលំ នៅដ្ឋាន និងរថយន្តជាច្រើននៅភាគខាងជើងអង់គ្លេស
ឡុងដ៍៖ ខ្យល់បក់បោកខ្លាំងដែលបង្កឡើងដោយព្យុះ Gerrit បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកខ្លះនៃតំបន់ Greater Mancherster នៅភាគខាងជើងនៃប្រទេសអង់គ្លេស។
ព្យុះដែលវាយលុកអង់គ្លេស បានបង្កឱ្យមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បំផ្លាញផ្ទះសម្បែង លុបចោលការធ្វើដំណើរតាមរថភ្លើង និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅទូទាំងប្រទេសស្កុតឡែន និងផ្នែកខ្លះនៅភាគខាងជើងប្រទេសអង់គ្លេស។
អ្នកស្រុកត្រូវបានជម្លៀសចេញពីទីប្រជុំជន Stalybridge ជាកន្លែងដែលខ្យល់កន្ត្រាក់បង្កឡើងពីព្យុះ Gerrit បានផ្តួលរលំដើមឈើ, បំផ្លាញដំបូលផ្ទះ និងទម្លាក់កំទេចកំទីធ្វើឱ្យខូចខាតរថយន្តជាច្រើនគ្រឿង។
ក្រុមកម្មករបានប្រឈមមុខនឹងល្បឿនខ្យល់ ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ឆ្នេរមួយចំនួននៃប្រទេសស្កុតឡែន ខណៈដែលពួកគេព្យាយាមស្តារថាមពលឡើងវិញ។ ទោះបីជាយ៉ាងណា លំនៅដ្ឋានប្រហែល ១៤,០០០ខ្នងនៅតែបន្តដាច់ចរន្តអគ្គិសនី។
ព្យុះ Gerrit ក៏បានបង្កការរំខានដល់សេវាកម្មរថភ្លើងនៅទូទាំងប្រទេសស្កុតឡេនផងដែរ ដោយការធ្វើដំណើរតាមខ្សែរថភ្លើងមួយចំនួនបានផ្អាកជាបណ្តោះអាសន្ន រហូតដល់មន្ត្រីអាចត្រួតពិនិត្យខ្សែបណ្តាញពេញលេញ។
ដោយឡែកនៅឯអាកាសយានដ្ឋាន Heathrow ដែលជាមជ្ឈមណ្ឌលធ្វើដំណើរដ៏សំខាន់របស់ចក្រភពអង់គ្លេសវិញ បានលុបចោលជើងហោះហើរចំនួន ១៨ជើង កាលពីថ្ងៃពុធសប្តាហ៍នេះ។ រីឯជើងហោះហើរទៅកាន់ទីក្រុងអឺរ៉ុបមួយចំនួន ដូចជាទីក្រុង Barcelona និង Berlin ក៏រងផលប៉ះពាល់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


