នាយឧត្តមសេនីយ៍ គន់ គីម ណែនាំមន្ត្រីពាក់ព័ន្ធ ខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន

(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំមន្ត្រីពាក់ព័ន្ធ ខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដូច្នេះក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ នឹងដាក់ចេញទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានគូសបញ្ជាក់ពីចំណុចសំខាន់ៗ ដែលគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចជា៖ ការបំពាក់គ្រឿងឥស្សរិយយសការពារជាតិ និងឧបត្ថម្ភថវិកាជូនអតីតយុទ្ធជនចំនួន ៣.៤៤៧នាក់ ដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ, ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពក្នុងឆ្នាំនេះចំនួន ៨៧សព និងការបើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជន បាន ៦១គ្រួសារ ។ ក្រៅពីនេះ គណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ បានសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតបានចំនួន១៩៨លើក ស្មើចំនួន១.៥០២គ្រួសារ ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការជួយដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជនក្នុងខេត្ត បានទាន់ពេលវេលា នាពេលកន្លងមក ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អតីតយុទ្ធជន ៨១នាក់ ដែលមានស្នាដៃល្អក្នុងចលនាប្រឡងប្រណាំង ៣ល្អផងដែរ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner