ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាងសង់ស្ថានីយអង់តែនទូរសព្ទចល័ត បន្ថែម ៩២ទីតាំង ក្នុងខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ៩២ទីតាំង នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ដាច់ស្រយាល នៅក្នុងទីតាំងសហគមន៍អេកូទេសចណ៍ព្រៃលិចទឹកខ្នារពោធិ៍ ស្ថិតក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ឯកឧត្តម រដ្ឋមន្រ្តី បន្តថា កន្លងមក ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ទាំងសេវាទូរសព្ទចល័ត និងអ៊ុនធឺណិត គឺជាគោលដៅអាទិភាពដែលក្រសួងបន្តយកចិត្តទុកដាក់តាមរយៈ ជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍បន្តវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធនិងពង្រីកបណ្តាញទូរសព្ទចល័តឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។

តាមការវាយតម្លៃរបស់ក្រុមការងារបច្ចេកទេស នៅរាជធានីភ្នំពេញត្រូវការសាងសង់ស្ថានីយ អង់តែន ប្រមាណជាងមួយពាន់ទីតាំងថែមទៀត ទើបធានានិរន្តរភាព នៃការតភ្ជាប់សេវាទូរសព្ទចល័តបានល្អប្រសើរ ហើយការងារនេះកំពុងត្រូវបានដោះស្រាយជាបណ្តើរៗហើយ ។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត គូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកតាលីករ ថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពរដ្ឋបាល ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner