រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ៖ គ្មានការជឿជាក់ណាមួយ ដែលអាចជំនួសឱ្យការ ត្រួតពិនិត្យបានឡើយ
(ភ្នំពេញ)៖ ទស្សនៈជាក់លាក់របស់ក្រសួងអធិការកិច្ច រួមមាន ៖ អធិការកិច្ច ជាភ្នែក ជាត្រចៀក របស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម, អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ, ការដឹកនាំ ត្រូវមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យ គឺគ្មានការដឹកនាំ, គ្មានការជឿជាក់ណាមួយ ដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ ។
នេះជាប្រសាសន៍របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងវេទិកាកិច្ចពិភាក្សា លើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ដោយមានការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតកម្ពុជា មកពីបណ្តាស្ថាប័ន អង្គភាពសារព័ត៌មានចំនួន ៩៤រូប និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រសួងអធិការកិច្ច សរុបទាំងអស់ ១៣២រូប ។

វេទិកាពិភាក្សាដ៏មានអត្ថប្រយោជន៍នេះ ក៏មានការធ្វើបទបង្ហាញជូនសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតកម្ពុជា ដោយឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អំពីប្រវត្ថិសាវតា រចនាសម្ព័ន្ធ បេសកកម្មការងារ និងផែនការសកម្មភាពអាទិភាពរបស់ក្រសួង ជាពិសេសដើម្បីឆ្លើយតបនឹងរចនាសម្ព័ន្ធស្នូលរបស់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ តម្រូវជាការចាំបាច់នូវការប្តូរ ឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ក្នុងគោលបំណងបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាបន្ន និងសង្គមឌីជីថល។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីផែនការសកម្មភាពអាទិភាពរបស់ក្រសួងអធិការកិច្ច មានចំនួន៤ មាន៖ (១)ការពង្រឹងសមត្ថភាពស្ថាប័ន, (២)ការកសាង និងអភិវឌ្ឍមូលធនមនុស្ស, (៣) ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន, និង(៤) ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតលើទស្សនៈជាក់លាក់របស់ក្រសួងមានដូចជា ”អធិការកិច្ច ជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម”, “អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ”, ”ការដឹកនាំ ត្រូវមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យ គឺ គ្មានការដឹកនាំ”, ”គ្មានការជឿជាក់ណាមួយដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ”។

វេទិកាពិភាក្សាក៏អនុញ្ញាតឱ្យអង្គភាពសារព័ត៌មានចំនួន ៧០ស្ថាប័ន បងប្អូនអ្នកសារព័ត៌មានចំនួន ៩៤រូប ដែលចូលរួម លើកជាសំណួរប្រមាណជា ២០សំណួរ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ជាអ្នកឆ្លើយបំភ្លឺ នូវរាល់ចម្ងល់ និងការចោទសួរជាសំណួរទាំងឡាយរបស់អ្នកសារព័ត៌មានអស់រយៈពេល ២ម៉ោង៣០នាទីផងដែរ ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ