ឯកឧត្តម ញ៉ែម សំអឿន៖ សូមក្មួយៗ ដែលប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត
(រតនគិរី )៖ ក្នុងជំនួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A ចំនួន ១០នាក់ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារBសាលាខេត្ត ព្រឹកថ្ងៃទី០៥ ខែ
មករា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញ និងលើកទឹកចិត្តដល់ក្មួយៗត្រូវបន្តខិតប្រឹងប្រែងសិក្សាបន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សា ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ប្រទេសជាតិ។
ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍ មូលធនមនុស្ស គឺធន ធាន មនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់។ ដូច្នេះមានតែចំណេះដឹងទេដែលអាចអោយក្មួយៗអាចចូលរួមជាមួយរាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ប្រែក្លាយជាប្រទេស មាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូល ខ្ពស់ នៅឆ្នាំ២០៥០។
ឯកឧត្តម ញ៉ែម សំអឿន បានកោតសរសើរចំពោះសិស្សានុសិស្សទាំង១០នាក់បើ ទោះបីជាក្មួយៗខ្លះ មានជីវភាពមិនសូវធូរធាក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹង ប្រែង រៀនសូត្រ បូកផ្សំជាមួយនឹង ការជំរុញ បន្ថែម ពីលោកគ្រូ អ្នកគ្រូ និងមាន ការ លើកទឹកចិត្តពីសំណាក់ឪពុកម្តាយ រហូតប្រឡងបាននិទ្ទេសA។ និងថ្លែង អំណរ គុណដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញ លើកទឹកចិត្ត អប់រំកូនក្មួយ ក្នុងការសិក្សារៀនសូត្រ គួបផ្សំ និងការយកចិត្តទុកដាក់ ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំឱ្យខិតខំរៀនសូត្រ ទើបបានទទួលលទ្ធផល ផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោក «អ្នកចេះគឺជាប់»។
នៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានជូនរង្វាន់លើកទឹកចិត្តដល់ ជ័យលាភី និទ្ទេសA ទាំង ១០នាក់ក្នុង ១នាក់ ទទួលបានថវិកា ៣០មុឺនរៀល និងកុំព្យូទ័រយួរដៃម្នាក់ ១គ្រឿង។ ជូនវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ២លានរៀល
ជូនមជ្ឈមណ្ឌលសាលារៀនគ្រូយើង ១លានរៀល, ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តសម្រាប់ដឹកសិស្សទៅសំណេះសំណាលនៅភ្នំពេញ ១លានរៀល។ដោយឡែក ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្តក៏បានឧបត្ថម្ភផ្ទាល់ខ្លួនដល់ ជ័យលាភី ទាំង១០នាក់ក្នុង១នាក់១០មុឺនរៀលផងដែរ។
បើតាមការលើកឡើងពីលោកខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរីអោយដឹងថា សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣នៅទូទាំងខេត្តរតនគិរីមាន ចំនួន១.៣៩៣នាក់ ស្នើ នឹង៧៥,២៦% ក្នុងនោះស្រី ៨០,០២% ។ ប្រឡង ជាប់និទ្ទេស A ចំនួន ១០នាក់,និទ្ទេស B ចំនួន ៤២នាក់,និទ្ទេស C ចំនួន ២៣២នាក់,និទ្ទេស D ចំនួន ៥៨៦នាក់,និទ្ទេស E ចំនួន ៥២៣នាក់ និង សិស្សានុសិស្សជាជនជាតិដើមភាគតិចចំនួន ៦០៩នាក់ផងដែរ ៕
ដោយ គតិ យុត្ត







