បារាំង និងហ្ស៊កដានី ទម្លាក់ជំនួយតាមផ្លូវអាកាសឱ្យប្រជាជនហ្គាហ្សា

ប៉ារីស៖ មេដឹកនាំបារាំង នៅថ្ងៃសុក្រសប្តាហ៍នេះ ថ្លែងថា ប្រទេសបារាំង និងហ្ស៊កដានី សហការគ្នាទម្លាក់ជំនួយចំនួន ៧តោន ទៅឱ្យជនស៊ីវិល និងបុគ្គលិកផ្តល់ជំនួយនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកលើទឹកដីប៉ាឡេស្ទីន។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា នៅក្នុងបរិបទដ៏លំបាកមួយ បារាំង និងហ្ស៊កដានី បានសម្រេចផ្តល់ជំនួយចំនួន ៧តោន តាមផ្លូវអាកាសដល់ប្រជាជន និងអ្នកផ្តល់ជំនួយនៅក្នុងតំបន់ហ្គាហ្សា។ លោក ម៉ាក្រុង បន្តថា ស្ថានការណ៍មនុស្សធម៌នៅតែមានសភាពដុនដាបនៅតំបន់ហ្គាហ្សា បន្ទាប់ពីកើតមានសង្គ្រាមអស់រយៈពេលបីខែ។

លោក ម៉ាក្រុង បន្ថែមថា ការផ្គត់ផ្គង់ជំនួយដែលទម្លាក់ពីលើអាកាសដោយបារាំង និងហ្ស៊កដានី បានបំពាក់ដោយប្រព័ន្ធដឹកនាំពួកវាពីចម្ងាយ ទៅកាន់ទីតាំងមន្ទីរពេទ្យហ្ស៊កដានីដែលកំពុងប្រតិបត្តិការនៅហ្គាហ្សា។ បេសកកម្មនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ធ្វើឱ្យយើងដឹងថា ប្រតិបត្តិការបែបនេះអាចធ្វើទៅបានដោយរលូន ខណៈវិមានអេលីហ្សេរបស់បារាំងនិយាយថា វានឹងកើតឡើងម្តងទៀត។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនហ្គាហ្សា ១.៩លាននាក់ ស្មើនឹង ៨៥ភាគរយនៃចំនួនប្រជាជនសរុបមុនផ្ទុះសង្គ្រាម បានផ្លាស់ទីលំនៅ ខណៈមនុស្សរាប់ម៉ឺននាក់ប្រឈមនឹងគ្រោះទុរ្ភិក្ស ហើយមន្ទីរពេទ្យភាគច្រើនគាំងដំណើរការ។ បន្ថែមលើនេះ ក៏មានការខ្វះខាតស្បៀងអាហារ ទឹកបរិភោគ ប្រេងឥន្ធនៈ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរផងដែរ បើទោះបីជាមានដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានការផ្តល់ជំនួយមនុស្សធម៌ក៏ដោយ។

ប្រធានកម្មវិធីស្បៀងអាហារពិភពលោក លោក អារីហ្វ ហ៊ូសេន បានប្រាប់កាសែត New Yorker នៅថ្ងៃពុធសប្តាហ៍នេះថា នៅតំបន់ហ្គាហ្សា មួយភាគបួននៃចំនួនប្រជាជនសរុបកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយនៃភាពអត់ឃ្លាន។
គិតមកទល់ពេលនេះ យ៉ាងហោចណាស់មនុស្ស ២២,៦០០នាក់ហើយបានស្លាប់នៅតំបន់ហ្គាហ្សា ដែលជាការសងសឹករបស់អ៊ីស្រាអែល ចំពោះការវាយប្រហារនៅថ្ងៃទី០៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner