ប្រទេសបន្តរីកចម្រើនទៅបាន អាស្រ័យលើមន្ត្រីថ្នាក់ដឹកនាំមានស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងល្អ
(កំពត) ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនេយនយកមនម្ម និងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានលើកឡើងថា កម្ពុជា បច្ចុប្បន្នរក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជជាតិ មានសុខសន្តិភាពពេញលេញ ហើយដើម្បីបន្តដំណើរការអភិវឌ្ឍន៍ទៅមុខទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើឲ្យមន្ត្រីថ្នាក់ដឹកនាំទាំងអស់ មានស្មារតីចូលរួម រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែប្រសើរ ។
ឯកឧត្តម សាយ សំអាល់ បន្តថា កម្ពុជាធ្លាប់ជាប្រទេសមានប្រវត្តិបែកបាក់ ឈ្លោះប្រកែកផ្ទៃក្នុង រាប់រយឆ្នាំមកហើយ ប៉ុន្តែចាប់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្តេចបានដាក់ចុះនយោបាយឈ្នះ ឈ្នះ ដើម្បីបង្រួបបង្រួម ផ្សះផ្សា និងស្វែងរកនូវសុខសន្តិភាពពេញបរិបូរណ៍ ប្រទេសចាប់ផ្តើមមានការអភិវឌ្ឍន៍ជាលំដាប់ ហើយរបបនយោបាយមានភាពល្អប្រសើរ ការផ្ទេរតំណែងនាយករដ្ឋមន្ត្រីត្រូវបានធ្វើឡើយដោយសន្តិវិធី ដែលនេះគឺជាជោគជ័យមួយថ្មីនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោន ដំណាក់កាលទី១ កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលកម្ពុជាទាមទាឲ្យមានការបង្កើនកិច្ចខិតខំអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកមច្រើន ស្មើមុខស្មើមាត់ប្រទេសនានានៅលើពិភពលោក។ និយាយដោយឡែកខេត្តកំពត ឯកឧត្តមបានស្នើដល់មន្ត្រីរាជរដ្ឋការ កងកម្លាំង ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចូលរួមប្រឹងប្រែងទាំងអស់គ្នា ក្នុងស្មារតីរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង រិះគិតគ្រប់មធ្យោបាយធ្វើយ៉ាងណារក្សាបាននូវគុណតម្លៃ និងប្រយោជន៍រួមរបស់ខេត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ ។
ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កន្លងមកដោយមានការចូលរួមពី មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ធានាបាននូវសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ការងារអភិវឌ្ឍន៍ផ្សេងៗ មានដំណើរការល្អ គ្មានការាំងស្ទះ។ យ៉ាងណាក៏ដោយ ខេត្តនៅតែមានចំណុចប្រឈមមួយចំនួនត្រូវដោះស្រាយ និងខិតខំធ្វើរួមគ្នាបន្តទៅទៀត ដូចជាការងារពង្រឹងការថែរក្សាបរិស្ថានអនាម័យ ពង្រឹងសេវាកម្មទេសចរណ៍ផ្សេងៗ និងការងារចុះបញ្ជីដីធ្លីឲ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋជាដើម ៕
សិលា សារិន









