បូលីវីរឹបអូសបានគ្រឿងញៀនដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត ជាង ៨តោន មានតម្លៃ ៥២៦លានដុល្លារ
អាម៉ាន់៖ ប្រទេសបូលីវី នៅថ្ងៃសុក្រសប្តាហ៍នេះ បានរាយការណ៍ពីការរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនដ៏ធំបំផុតមិនធ្លាប់មាន រហូតដល់ជាង ៨តោន នៅក្នុងប្រអប់ឈើតូចៗជាច្រើនកាលពីចុងខែមុន ដែលទំនងជាមានគោលដៅដឹកជញ្ជូនទៅកាន់ប្រទេសហូឡង់។
រដ្ឋមន្ត្រីមហាផ្ទៃបូលីវី លោក អេហ្គាដូ ឌែល កាស្ទីលឡូ ប្រកាសថា អាជ្ញាធរបូលីវីរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនដ៏ធំបំផុតមិនធ្លាប់មាន រហូតដល់ ៨តោន ដែលមានតម្លៃប្រមាណ ៥២៦លានដុល្លារ។
លោករដ្ឋមន្ត្រីបាននិយាយយ៉ាងដូច្នេះថា ការរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង រកឃើញនៅលើរថយន្តដឹកទំនិញស្ថិតនៅលើផ្លូវ Andean កាលពីថ្ងៃទី៣០ ខែធ្នូ ដែលលួចបង្កប់ ក្នុងចំណោមការដឹកជញ្ជូនឈើឆ្លងកាត់ទ្វីបអឺរ៉ុប។ អំឡុងការបង្រ្កាបនេះ មនុស្ស ៤នាក់ត្រូវចាប់ខ្លួន រួមទាំងជនជាតិកូឡុំប៊ីម្នាក់ទៀត ដែលគេស្គាល់ជាមេខ្លោងជួញដូរគ្រឿងញៀន។
គួរបញ្ជាក់ថា បូលីវី គឺជាប្រទេសផលិតស្លឹកកូកា និងកូកាអ៊ីនធំជាងគេទីបីរបស់ពិភពលោក បន្ទាប់ពីកូឡុំប៊ី និងប៉េរូ នេះបើយោងតាមអង្គការសហប្រជាជាតិ។ បូលីវីអនុញ្ញាតឱ្យដាំដុះ និងចែកចាយស្លឹកកូកានៅលើទីផ្សារ សម្រាប់បរិភោគ, ប្រើក្នុងទឹកតែ និងសម្រាប់ធ្វើពិធីសាសនាជាដើម។ អាជ្ញាធរបូលីវីដាំដុះស្លឹកកូកានៅលើផ្ទៃដី ២២,២០០ហិកតា ដើម្បីផ្គត់ផ្គង់ទីផ្សារស្របច្បាប់ ប៉ុន្តែខ្លះត្រូវបានដកហូត ដោយសារការផលិតជាគ្រឿងញៀនប្រភេទកូកាអ៊ីនខុសច្បាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





