អត្រាមានការងារធ្វើនៅសហរដ្ឋអាមេរិក កើនឡើងក្នុងខែធ្នូ ឆ្នាំ២០២៣
វ៉ាស៊ីនតោន៖ កំណើនការងារនៅសហរដ្ឋអាមេរិក បានហក់ឡើងហួសពីការរំពឹងទុកនៅក្នុងខែធ្នូឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល បង្ហាញឱ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
នាយកដ្ឋានការងារអាមេរិកបញ្ជាក់ថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ បានបង្កើតការងារបន្ថែមដល់ពលរដ្ឋខ្លួនចំនួន ២១៦,០០០នាក់ ក្នុងខែធ្នូ ឆ្នាំ២០២៣ ទោះបីជាមានការរំពឹងទុកថា តួលេខនេះនឹងមានការធ្លាក់ចុះ បើធៀបនឹងខែវិច្ឆិកាក៏ដោយ។
រីឯអត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក មិនបានប្រែប្រួលទេ ពោលគឺស្ថិតនៅចំនួន ៣.៧ភាគរយ ដោយរក្សាលំនឹងនៅកម្រិតទាបជាប្រវត្តិសាស្ត្រ ប្រឆាំងនឹងការព្យាករណ៍នៃការកើនឡើង។ បើតាមនាយកដ្ឋានការងារអាមេរិក កំណើនប្រាក់ឈ្នួលបានរក្សាលំនឹងនៅក្នុងខែធ្នូ កើនឡើង ០.៤ភាគរយ បើធៀបនឹងខែវិច្ឆិកា។
ហើយបើធៀបនឹងឆ្នាំមុន ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង បានកើនឡើង ៤.១ភាគរយ លើសពីតួលេខនៅខែវិច្ឆិកាបន្តិច។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា របាយការណ៍ព្រឹកនេះបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់កម្មករអាមេរិក ខណៈដែលការបង្កើតការងារបន្តកើនឡើងខ្លាំង ក្នុងគ្រាអតិផរណាធ្លាក់ចុះ។
ទោះបីជាយ៉ាងណា លោក បៃដិន ក៏បានទទួលស្គាល់ដែរថា តម្លៃទំនិញមួយចំនួននៅតែខ្ពស់ខ្លាំង សម្រាប់ជនជាតិអាមេរិកដ៏ច្រើន ហើយលោកកំពុងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់គាត់ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
ទោះបីជាសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានប្រឆាំងនឹងការព្យាករណ៍នៃការធ្លាក់ចុះសេដ្ឋកិច្ច ចំពេលអត្រាមានការងារធ្វើកើនឡើងក៏ដោយ ក៏ប្រជាជនអាមេរិកជាច្រើននៅតែមានទុទិដ្ឋិនិយម នៅពេលដែលពួកគេប្រឈមនឹងការចំណាយខ្ពស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

