រដ្ឋមន្ត្រីការងារ ៖ ក្នុងតំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបជាង ១៨ម៉ឺននាក់

កោះកុង៖ ក្នុងតំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណជាង ១៨ម៉ឺននាក់ ។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ហេង សួរ បានថ្លែងថា “ថ្ងៃនេះជាកម្មវិធីលើកទី១១ ដែល សម្តេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូន កម្មករនិយោជិតក្នុងនាមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃនេះ សម្តេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណជាង ១៨ម៉ឺននាក់ ក្នុងខណៈពេលដែលអាណត្តិកន្លងទៅ សម្តេចធិបតី ក៏ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក និងកម្មករនិយោជិត នៅតាមរាជធានី-ខេត្ត ជាច្រើនលើករួចមកហើយដែរ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា “កម្មវិធីនាព្រឹកនេះ មានបងប្អូនកម្មករនិយោជិតចូលរួមចំនួន ១១ ០០០នាក់ ដែលមានស្ត្រី មានផ្ទៃពោះចំនួន ៥៥១នាក់ មកពី ៥ រោងចក្រ សហគ្រាស ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១, បង្គំខ្សែភ្លើងចំនួន ១, ប៉ាក់លើសម្លៀកបំពាក់ចំនួន ១,បរិក្ខាអេឡិចត្រូនិកចំនួន ១, ដំឡើងរថយន្ត និងបង្គុំខ្សែភ្លើងចំនួន ១”។

ឯកឧត្តម ហេង សួរ បានថ្លែងទៀតថា “តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត បានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់ នៅរបស់បងប្អូន រោងចក្រ-សហគ្រាសជាច្រើន ត្រូវបានពង្រាយទៅតាមបណ្តាខេត្តផ្សេងៗទៀត ស្ទើរទូទាំងប្រទេស ដែលចំនួនសរុប បានកើនឡើងពីចំនួន ៦៤រោងចក្រ និងមានកម្មករនិយោជិត ត្រឹមប្រមាណ ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ៤០៨៤០ រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧ លាននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងនោះ វិស័យវាយនភណ្ឌ ,កាត់ដេរ, ផលិត ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១ ៦៨០ រោងចក្រ និង មានកម្មករនិយោជិតសរុបចំនួន ៩១៨ ៧១៨ នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩ ពាន់លានដុល្លារ”។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា “សម្តេចធិបតី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ របបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក សមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្រសួងបានចុះយុទ្ធនាការតាមរោង ចក្រសហគ្រាស តំបន់ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៥៩៥លើក ដែលមានអ្នកចូលរួម ជិត ១លាន ៤សែន នាក់ ហើយគិតត្រឹមចុងឆ្នាំ២០២៣ បេឡាសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាពតាមរបបភាគទានដោយ ស្ម័គ្រចិត្តសរុបបានចំនួន ១០៥ ១៤២នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ៩៦ ១៨០នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ៨ ៩៦២នាក់”។

ឯកឧត្តម ហេង សួរ ថ្លែងថា “ការពង្រីកវិសាលភាពតាមរបបស្ម័គ្រចិត្តនេះ នឹងធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចសន្សំ ថវិកាបានប្រមាណជា១៥ ទៅ ២០ដុល្លារក្នុងមួយខែ ជាពិសេសសម្រាប់បងប្អូនដែលមានកូនក្រោម អាយុ៦ឆ្នាំ។ តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ ដែលមានអាយុក្រោម ៦០ឆ្នាំ និងកូនក្នុងបន្ទុកដែលមានអាយុក្រោម១៨ឆ្នាំ អាចទទួល បានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺ បងប្អូនអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ”។

ឯកឧត្តម ហេង សួរ ថា “ការពង្រីកវិសាលភាពកម្មវិធីនេះ រួមជាមួយកម្មវិធីរបបថែទាំសុខភាពតាមមូលនិធិសមធម៌ សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ នឹងគ្របដណ្តប់ដល់ប្រជាជនសរុបប្រមាណជាង ៩លាននាក់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner