ឯកឧត្តម វង សូត បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ

(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៤៥ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា នៅបរិវេណសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។

មានប្រសាសន៍ទៅកាន់សមាជិកចូលរួមប្រមាណ ៨០០នាក់ ឯកឧត្តម វង សូត ថ្លែងថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់ ។

ឯកឧត្តម វង សូត បានបញ្ជាក់ថា បើគ្មានមហាជ័យជម្នះ ៧ មករា ១៩៧៩ គឺគ្មានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គល ណាបដិសេធបានឡើយ។ ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កម្ពុជា ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានធ្វើឱ្យប្រទេសកម្ពុជា និងប្រជាជនបានរស់រាន ឡើងវិញ មានសន្តិភាព ឯកភាព ជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាព នៅលើ ឆាកអន្តរជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម វង សូត ក៏បានធ្វើការគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត បានឧបត្ថម្ភដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋចំនួនជាង ៨០០នាក់ ក្នុងម្នាក់ថវិកា ៥ម៉ឺនរៀល ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner