យុវជនជំនាន់ក្រោយត្រូវចងចាំថ្ងៃ៧មករា និងចូលរួមថែរក្សាសុខសន្តិភាពឱ្យ បានគង់វង្ស
កំពត៖ ខេត្តកំពតកាលពីថ្ងៃទី៧ខែមករា បានប្រារព្ធពិធីមិទ្ទីងរម្លឹកខួប អនុស្សាវរីយ៍ ទី៤៥ ឆ្នាំនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧មករា ២០២៤) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន សមាជិកគណៈ កម្មា ធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ប្រធានគណៈកម្មការទី១០ រដ្ឋសភា និង ជាប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះ ជួយខេត្តកំពត ។
ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងថា ៤៥ឆ្នាំមក ហើយ ដែល របបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំ ហើយ២៧ ឆ្នាំដែលប្រទេសមានសុខសន្តិភាពពេញលេញ។ ក្មេងៗជំនាន់ក្រោយ ស្ទើរតែ មិនជឿថាកម្ពុជាធ្លាប់ឆ្លងកាត់សម័យកាលនោះទេ។ ឯកឧត្តមបណ្ឌិតបានផ្តាំដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ង ប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដ៏សំខាន់ ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹក ដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះ ប្រទេស ជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងនាំមក នូវសុខសន្តិភាពដូចបច្ចុប្បន្ន។ ដូច្នេះយុវជនត្រូវចងចាំគុណបំណាច់ នៃ ថ្ងៃ៧មករា ហើយចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បី បន្តការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។
ក្រុមយុវជនតំណាងអង្គមីទ្ទីង បានបង្ហាញចំណាប់អារម្មណ៍និងការប្ដេជ្ញាចិត្ត ការពាររាល់សមិទ្ធផលនានាដែលមាន ថែរក្សាសុខសន្តិភាព និងដើរតាមមាគ៌ា ដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបាននិងកំពុង ឈានទៅមុខយ៉ាងស្វាហាប់៕
ដោយ ៖ សិលា សារិន