ឯកឧត្តម ឌី វិជ្ជា៖ ពានបាល់ទាត់យុវជន-អន្តរក្រសួងដើម្បីបង្កើនស្មារតី សាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនដែលជាមន្ដ្រីរាជការ
ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី លើក ទី៩ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី៣១ ខែមីនាខាងមុខ ដោយ មាន បេក្ខភាពចូលរួម ៣៤ក្រុម ពោលគឺកើនឡើង ៣ក្រុម បើធៀបកាលពី ឆ្នាំមុន ។នេះបើយោងតាមការបញ្ជាក់របស់លោក សុខ សប្បាយណា ប្រធាន គណៈកម្មាធិការ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់មិត្តភាពយុវជន អន្ដរ ក្រសួង-ស្ថាប័ន លើកទី៩ ក្នុងសន្និសីទសារព័ត៌មាន ចាប់ពូល និងចុះ អនុស្សរណៈ(MOU) ជាមួយក្រុមហ៊ុនដៃគូឧបត្ថម្ភ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅសាលធំនៃមជ្ឍមណ្ឌលម៉ានី (The Kampus) ដែល ធ្វើឡើងក្រោមវត្ដមានឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ។

ឯកឧត្តម ឌី វិជ្ជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និង ក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើង ហើយ លោកក៏បានអរគុណថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់ ដែលបានរៀបចំ និងបញ្ជូនក្រុមបាល់ទាត់ចូលរួមប្រកួតពានរង្វាន់ក្របខ័ណ្ឌមន្ដ្រីរាជការនេះ។ឯកឧត្តមបន្តថា នេះដើម្បីបង្កើនស្មារតី សាមគ្គីភាព មិត្តភាព ពង្រឹង និង ពង្រីកកិច្ចសហ ប្រតិបត្តិការ រវាងយុវជន ដែលជាមន្ដ្រីរាជការ តាមក្រសួង-ស្ថាប័ន និងបំផុសស្មារតីស្រលាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព ។

លោក សុខ សប្បាយណា បានបញ្ជាក់ថា ពានរង្វាន់មិត្តភាពយុវជន អន្ដរ ក្រសួង-ស្ថាប័ន បានបង្កើតកាលពីឆ្នាំ២០១៣ ដោយមានក្រុមចូលរួមត្រឹម ៩ ក្រុម ហើយមានការកើនឡើងជាបន្ដបន្ទាប់ មុនអាក់ខាន ២ឆ្នាំ (ឆ្នាំ២០២០-២០២១) ដោយសារវិបត្តិកូវីដ-១៩ ។ តែលើកទី៨ ឆ្នាំ២០២២ មាន ការ កើន ឡើង ដល់៣១ក្រុម ចំពោះលើកទី៩ ឆ្នាំនេះ កើនដល់ ៣៤ក្រុម ស្មើនឹង ៧២ប្រកួត ។

សូមជម្រាបថា ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ បែង ចែកជា ៨ពូល ដោយធ្វើការប្រកួតជម្រុះ នៅទីលានវិទ្យាល័យបឹងត្របែក។ ក្នុងនោះពូលA ដល់ពូលF មាន ៤ក្រុមក្នុងមួយពូល ខណៈពូលG និងពូល H មាន ៥ក្រុម ។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹង ឡើង ទៅវគ្គ ១៦ក្រុមចុងក្រោយ ដែលត្រូវធ្វើការប្រកួតនៅកីឡដ្ឋានស្ដាតចាស់ ។ អ្វីដែលពិសេស គ្រប់ការប្រកួតឆ្នាំនេះ ក៏នឹងមានការផ្សាយផ្ទាល់ រួមជាមួយ ការរៀបចំឲ្យមានទស្សនីយភាពជាច្រើន ដើម្បីអបអរសាទរក្នុពិធីបើក-បិទទៀតផង ៕ដោយ៖ ចាន់ វិចិត្រ


