ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ជំរុញឱ្យអត្តពលិក បង្កើនការហ្វឹកហាត់ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤-ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានជំរុញឱ្យកីឡាករ កីឡាការិនី គ្រូបង្វឹក ថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសយុវជនថ្នាល បង្កើនការហ្វឹកហាត់ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ខាងមុខ។ ការជំរុញធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥នៃទិវាជ័យជម្នះ ៧មករា នៅទីលានសហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានសង្កត់ធ្ងន់ ពីការរៀបចំប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដោយបំផុសបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។ ត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល មន្ត្រីបច្ចេកទេសរៀងរាល់ឆ្នាំ និងតាមបណ្ដាខេត្ត និងត្រៀមបញ្ជូនកីឡាករ កីឡាការិនី និងគ្រូបង្វឹក១០នាក់ ទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេលវែង។ ឯកឧត្តមប្រធាន សូមផ្ដាំផ្ញើដល់កីឡាករកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីត្រូវខិតខំហ្វឹកហាត់ទ្វេរដង ដើម្បីទទួលបានជ័យជម្នះ ក្នុងការប្រកួតខាងមុខទៀត។ ពិតមែនតែការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ នៅប្រទេសយើងត្រូវបានបញ្ចប់ក្តី ក៏ប៉ុន្តែសកម្មភាពការអភិវឌ្ឍវិស័យកីឡាវាយកូនឃ្លីលើតុត្រូវតែបន្តការហ្វឹកហាត់ និងត្រៀមប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិបន្តទៀត។

លោក ហេង សុខជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានឲ្យដឹងថា ការប្រកួត ថ្នាក់ជាតិ និងអបអរសាទរ ជ័យជម្នះ ៧មករា មានក្រុមចូលរួមសរុបមានចំនួន ១៦សមាគម-ក្លឹប ស្មើនឹង១៨ ក្រុម ដោយរាជធានីភ្នំពេញមានចំនួន ១៥ ក្រុម ខេត្តកំពង់ឆ្នាំងចំនួន៣ក្រុម។ កីឡាករ កីឡាការិនីសរុបចំនួន ៩៣នាក់ ក្នុងនេះកីឡាករ ចំនួន ៧៣នាក់ (បុរស ក១ មានចំនួន ៥១ នាក់ ក២ មាន ២២ នាក់) និងកីឡាការិនី ចំនួន ១១នាក់។ វិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន ៧វិញ្ញាសារួមមាន។

លោកអគ្គលេខាធិការរង បានគូសបញ្ជាក់ថា ឆ្លងកាត់ការប្រកួត០៥ថ្ងៃ ដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិត្តភាព សាមគ្គីភាព បានប្រកាន់ខ្ជាប់នូវគោលការណ៍បទប្បញ្ញត្តិ និងគោលការណ៍បច្ចេកទេសក្នុងការប្រកួតធ្វើឱ្យការប្រកួតទទួលបានជោគជ័យ ។ កីឡាករ កីឡាការិនី ប្រតិភូរាជធានីខេត្តគោរពបានការប្រកួតជាលក្ខណៈស្របតាមបទបញ្ជាការប្រកួត និងមានចិត្តសប្បាយរីករាយក្នុងការប្រកួតរវាងក្លឹបមួយទៅក្លឹបមួយ សមាគមមួយទៅសមាគមមួយ ក្នុងភាពសាមគ្គីគ្នាបានយ៉ាងល្អប្រសើរ បង្កភាពរលូនក្នុងការប្រកួតរហូតដល់ថ្ងៃបិទកម្មវិធីប្រកបដោយភាពជោគជ័យ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner