ក្រោយរដូវច្រូតកាត់ប្រជាសហគមន៍សាមគ្គីអមលាំង ដើរចាប់កង្កែបអាចម៍គោ ទុកបរិភោគ និងលក់រកចំណូលបន្ថែមសម្រាប់គ្រួសារ

(ភ្នំពេញ)៖ ក្រោយរដូវច្រូតកាត់រួចរាល់ពោលគឺចាប់ពីដើមខែធ្នូដល់ពាក់កណ្តាលដើមខែ មករានេះ ប្រជាកសិកររស់នៅ ឃុំអមលាំង មួយចំនួនតែងនាំគ្នាដើរចាប់ កង្កែបអាចម៍គោ តាឡនតន ដើម្បីទុកបរិភោគ និងមួយចំនួនទៀតបានចាប់កង្កែបទាំងនេះដើម្បីលក់ដែលអាចរកប្រាក់ចំណូលសម្រាប់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។

អ្នកស្រុកបានឱ្យដឹងថា៖ ក្នុងរយៈពេលជាងមួយខែមកនេះ បន្ទាប់ពី ច្រូតកាត់រួចរាល់ គឺជាអំឡុងពេលដែលកង្កែបអាចម៍សម្បូរបំផុត ហើយនាពេលនេះដែរ ប្រជាកសិករ ពួកគាត់តែងនាំគ្នាចេញដើររកកង្កែបអាចម៍គោ មកទុកបរិភោគដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ។ កង្កែបទាំងនេះពួកគាត់អាចប្រឡាក់ចៀនបរិភោគ ប្រឡាក់ធ្វើងៀត និងស្លរបរិភោគជាដើម ។

អ្នកនាង រិន ភា ដែលកំពុងដើររកចាប់កង្កែបពេលយប់ជាមួយកូនស្រីតូចរបស់ខ្លួនបានឱ្យដឹងថា ៖ អ្នកនាងទើបតែដើររកចាប់កង្កែបអាចម៍គោក្បែរផ្ទះនេះឃើញថា សម្បូរគួរសម ។ ក្នុងមួយយប់អ្នកនាងអាចចាប់បានប្រមាណកន្លះគីឡូក្រាម ដល់ ១គីឡូក្រាម ។ កូនកង្កែបទាំងនេះយកមកទុកចៀនបរិភោគ ជំនួសការទិញម្ហូប ។

ស្រ្តីរូបនេះបានបញ្ជាក់ដែរថា ខ្ញុំទើបតែមកដើរចាប់កង្កែបនាពេលនេះប៉ុណ្ណោះ ឃើញគេដើរចាប់គ្រប់គ្នាខ្ញុំក៏ដើរចាប់ហ្នឹងគេដែរ ។ កង្កែបក្រោយខែច្រូតកាត់មានរស់ជាតិឆ្ងាញ់ ។ ខ្ញុំយកវាមកវះពោះហើយប្រឡាក់អំបិលទុកសម្រាប់ចៀនបរិភោគ ឃើញថា រស់ជាតិវាឆ្ងាញ់ពិសារណាស់ ។

អ្នកស្រី សាយ គីន សព្វថ្ងៃរស់នៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានដើរចាប់កង្កែបអាចម៍គោ ទុកធ្វើម្ហូប បានឱ្យដឹងថា ៖ ឆ្នាំនេះកង្កែបមានចំនួនច្រើនធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាដើរចាប់កង្កែបអាចម៍គោមកទុកបរិភោគច្រើន ។
ស្រ្តីរូបនេះបានរៀបរាប់ប្រាប់ថា៖”ចាប់ពីម៉ោង៧ល្ងាចទៅបងប្អូនប្រជាពលរដ្ឋនៅភូមិខ្ញុំបាននាំគ្នាកាន់ពិល ដើរឆ្លុះកង្កែបអាចម៍គោ ។ ឃើញថា ខែនេះ សម្បូរច្រើនណាស់។ ពួកខ្ញុំដើរចាប់ពី ១ម៉ោងដល់២ម៉ោងគឺអាចទុកធ្វើម្ហូបបានមួយពេលឬព្រឹកល្ងាចបានហើយ”។

ដោយឡែក លោក ភោគ សម្បូរ ដែលបានដើរចាប់កង្កែបនៅសហគមន៍សាមគ្គីអមលាំងបានឱ្យដឹងថា ៖ គាត់ និង ក្រុមគ្រួសារដើររកចាប់កង្កែបទុកបរិភោគ និងថ្ងៃខ្លះបានច្រើនលក់ឱ្យម៉ូយចុះទិញក្នុងមួយគីឡូក្រាមថ្លៃ ១៥០០០រៀល ។ ថ្ងៃខ្លះចាប់បាន ២គីឡូក្រាម ឬ ៣គីឡូក្រាម អាចលក់បានប្រាក់កាសខ្លះៗសម្រាប់ចាយវាយក្នុងគ្រួសារផងដែរ ។

អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍សាមគ្គីអមលាំងស្ថិតនៅឃុំ អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ៖ ក្នុងសមាគមន៍អ្នកស្រីមានសមាជិក ៣៥០គ្រួសារ និង មានពលរដ្ឋជាង ១ពាន់នាក់ ។ ប្រជាសហគមន៍ ក្នុងសហគមន៍នេះ ក្រៅពីពឹងពាក់ទៅលើអនុផលព្រៃឈើ ហើយពួកគាត់តែងរកត្រី និងពិសេសចាប់កង្កែបអាចម៍គោនេះ សម្រាប់លក់នារដូវច្រូតកាត់រួចរាល់ ។ ពួកគាត់ទាំងនេះដើររកចាប់កង្កែបដែលជាអាហារបានមកពីធម្មជាតិមានរស់ជាតិឆ្ងាញ់ពិសារ និងពិសេសនោះអាចលក់រកចំណូលសម្រាប់បង្កើនជីវភាពគ្រួសារផង៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner