ពានបាល់ទាត់យុវជនអន្ដរក្រសួង-ស្ថាប័នលើកទី៩ឆ្នាំ២០២៤នេះ កើនបន្ថែមបីក្រុម
ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «មិត្តភាពយុវជនអន្ដរ ក្រសួង-ស្ថាប័ន» លើកទី៩ បានប្រារព្ធបើកជាផ្លូវការ ខណៈ ក្រុម ការពារតំណែងជើងឯក គឺក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន រកបាន ១ពិន្ទុ ក្រោយប្រកួតស្មើក្រុមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយលទ្ធផល ២-២ ។
ពិធីបើកការប្រកួតបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិ បណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក) តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក ព្រមទាំងវត្តមានថ្នាក់ដឹកនាំប្រតិភូ កីឡាករ-កីឡាការិនី និងអ្នកគាំទ្រ យ៉ាង ច្រើនកុះករ នៅកីឡដ្ឋានកង យោធពលខេមរ ភូមិន្ទ។

ក្នុងឱកាសនេះឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានង្ហាញនូវការ គាំទ្រ និងលើកទឹកចិត្ត ស្របពេលការផ្ដួចផ្ដើមគំនិតរៀបចំ ដោយ ថ្នាក់ដឹកនាំ ស.ស.យ.ក គឺដើម្បី «បង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងស្មារតីស្រលាញ់ ចូលចិត្តលេងកីឡាដើម្បីសុខភាព» ។
ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការរៀបចំតាំងពី រដូវកាលទី១ ឆ្នាំ២០១៣ មានត្រឹម ៩ក្រុមចូលរួម រហូតដល់ លើកទី៩ ឆ្នាំ២០២៤ ដែលមានរហូតដល់ ៣៤ក្រុមចូលរួម ។ក្នុងនោះឆ្នាំ២០២៤ នេះ មានក្រុមថ្មីចំនួន ៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងកងរាជ អាវុធហត្ថរាជធានីភ្នំពេញ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា «ការប្រកួតពានមិត្តភាព យុវជន អន្ដរក្រសួង-ស្ថាប័ន បានរួមចំណែកក្នុងការលើកស្ទួយ និងជំរុញ វិស័យកីឡាឱ្យរីកចម្រើន ស្របតាមគោលនយោបាយជាតិ ស្ដីពីការ អភិវឌ្ឍវិស័យអប់រំកាយ និងកីឡា សំដៅអភិវឌ្ឍធនធាន មនុស្សប្រកប ដោយគុណភាពខ្ពស់ ទាំងផ្នែកបញ្ញា ស្មារតី និងកាយសម្បទា ដែលនេះ រួមចំណែកដល់ការលើកកម្ពស់ផលិតភាព កំណើនសេដ្ឋកិច្ច និងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន» ។

ក្នុងព្រឹត្តិការណ៍នេះដែរឯកឧត្តម សុខ សប្បាយណា ប្រធានគណៈ កម្មាធិការប្រកួត បានឱ្យដឹងថា ពានមិត្តភាពយុវជន លើកទី៩នេះ រៀបចំកាន់តែមានស្ដង់ដារជាងមុន ដោយការប្រកួតធ្វើឡើងនៅទីលាន ស្ដង់ដារ ១១នាក់ ទល់ ១១នាក់ ក្រោមកិច្ចសហការ បច្ចេកទេស ជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ សម្រាប់ក្រុមចូលរួមទាំង ៣៤ គឺ បែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះរក ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជើងឯក ។ ចំពោះការប្រកួតគ្រោងនឹងបញ្ចប់ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ។ រីឯវគ្គជម្រុះតាមពូល ត្រូវធ្វើការប្រកួតរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ នៅទីលានវិទ្យាល័យ បឹងត្របែក ហើយបន្ទាប់ពីរកឃើញបេក្ខភាព ឡើងវគ្គ ១៦ក្រុមចុងក្រោយ ទើបប្ដូរទៅលេងនៅកីឡដ្ឋានកងយោធ ពលខេមរភូមិន្ទ រហូតរកឃើញក្រុមជើងឯកតែម្ដង ៕





អត្ថបទនិងរូបភាព៖ចាន់ វិចិត្រ