បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់គណបក្សនយោបាយ អង្គការ សមាគម សង្គមស៊ីវិល រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា
ភ្នំពេញ៖ បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់គណបក្សនយោបាយ អង្គការ សមាគម សង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា។ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា។ សូមកុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយដែរអាចបណ្ដាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្ដុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
បណ្ដុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា ក៏បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមកចូលរួមធ្វើអំពើខុស ច្បាប់ជាចរិតនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿ លង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផល ចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ ក្នុងរូបភាពដដែលៗ។ កន្លងមកមុនការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ពិសេសការ បង្កើតមហាព្រឹត្តការណ៍ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។
បណ្ដុំអង្គការសង្គមស៊ីវិលបន្តថា រយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋ ធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។
ជាមួយគ្នានេះ បណ្ដុំអង្គការសង្គមស៊ីវិលអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមបញ្ឈប់រាល់សារនយោបាយណាដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ កុំយកសកម្មជនរបស់ខ្លួនធ្វើជាខែលដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនិតិវិធីច្បាប់ ចូលរួមសាទរនឹងមហាព្រឹត្តិការណ៍នានាដ៏អស្ចារ្យរបស់កម្ពុជា ដើម្បីលើកមុខមាត់ជាជាងអង្គុយតែបន្ទុះបង្អាប់ គោរពស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ក្នុងនាមជាយុវជនសង្គមស៊ីវិល អំពាវនាវម្តងហើយម្តងទៀតដល់សកម្មជនប្រឆាំង សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា។ សូមកុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយដែរអាចបណ្ដាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ពិសេសសូមអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យអស់ចេញពីកម្ពុជា៕
ដោយ៖ពលជ័យ



