សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបបង្ហាញអំពីស្មារតីសាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទ្វីបអឺរ៉ុប មិនមែនជាការទិញទឹកចិត្តប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះឡើយ។ ជំនួបនេះបង្ហាញអំពីស្មារតីសាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ។ ការបញ្ជាក់នេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការជួបជុំគ្នានៅនេះ បង្ហាញអំពីស្មារតីនៃការសាមគ្គីគ្នា ការស្រលាញ់ រាប់អានគ្នាក្នុងនាមជាប្រជាជាតិខ្មែរតែមួយ។ នេះមិនមែនជាការទិញទឹកចិត្តនោះទេ អ្នកខ្លះគេថាឲ្យតែរាជរដ្ឋាភិបាលរៀបចំ គេថាត្រូវទិញទឹកចិត្តបានមានអ្នកចូលរួម។ សូមកុំមើលស្រាលប្រជាពលរដ្ឋខ្មែរ ស្មារតីនៃការរួមគ្នាក្នុងនាមជាជាតិខ្មែរនេះ ឈាមខាប់ជាងទឹក។ ប្រជាពលរដ្ឋខ្មែររស់នៅទីណាក៏ដោយ មិនថាចេញមកក្រៅប្រទេសដោយស្ថានភាពណានោះទេ ពោលនៅតែមានចិត្តគិតអំពីប្រទេសជាតិទាំងអស់។ ជាក់ស្ដែងសម្ដេចខ្លួនឯងផ្ទាល់ធ្លាប់សិក្សារៀនសូត្រនៅក្រៅប្រទេស ដូច្នេះដឹងច្បាស់ណាស់អំពីស្ថានភាពទាំងអស់នេះ នៅពេលខ្លួនចាកចេញពីប្រទេសកំណើត។
សម្ដេចធិបតីបានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលអញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាលនៅពេលនេះ អ្នកខ្លះបានធ្វើដំណើររហូតដល់ជាង១០ម៉ោងឯណោះ ទើបមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ពោលមកពីប្រទេសឆ្ងាយ ដូចជា ប៊ែលហ្សិក ស៊ូរិកជាដើម។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជួបជុំនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។ ព្រមជាមួយគ្នានេះ ក៏បានធ្វើការបញ្ជាក់ផងដែរ អំពីបេសកកម្មនៃការធ្វើទស្សនកិច្ចផ្លូវការដែលនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើជាមួយប្រទេសបារាំង និងដៃគូដែលពាក់ព័ន្ធសំដៅស្វែងរកការវិនិយោគក្នុងការផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។
សម្តេចធិបតីក៏បានសូមអរគុណដល់បងប្អូនសហគមន៍ខ្មែរយើង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទាំងកម្លាំងកាយចិត្ត ថវិកាក្នុងការធ្វើដំណើរមកជួបជុំគ្នានៅពេលនេះ ដែលជាការផ្តល់នូវភាពស្និទស្នាល និងកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំ និងបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិតបី ហ៊ុន ម៉ាណែត



