ឯកឧត្តម ហេង សួរ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញគឺ «គ្រប់គ្នាពេលរៀនវគ្គបណ្តុះបណ្តាលចប់គឺចេះ ហើយមានការងារធ្វើ»

(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ១.៥ លាននាក់(១លាន៥សែននាក់) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រហូតមកដល់ពេលនេះ អ្នកចុះឈ្មោះមានសរុបចំនួន ប្រមាណជា ២៥០០០នាក់ នៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ហើយដែលក្នុងនោះ ៤០ភាគរយ ក៏មានយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលមានបណ្ណគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ នេះបញ្ជាក់អោយឃើញពីប្រសិទ្ធភាពនៃគោលនយោបាយ ក៏ដូចជាកម្មវិធីដែលសម្តេចនាយករដ្ឋមន្រ្តី បានដាក់ចេញសំរាប់ក្រសួងអនុវត្តន៍ផងដែរ ។

ឯកឧត្តម គូសបញ្ជាក់បន្ថែមថា បើទោះបីជាថ្ងៃនេះជាថ្ងៃប្រកាសបើកបវេសនកាល សម្រាប់សអ្នកមកយឺតក៏ដោយ ប៉ុន្តែបេសកកម្មរបស់ក្រសួង ក៏ដូចជាសាលាទាំងអស់មិនទាន់បញ្ចប់នោះទេ ពីព្រោះអ្វីជាអនុសាសន៍ ហើយដែលមានតំលៃបំផុត សំរាប់ជាតិមាតុភូមិជាពិសេស សំរាប់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនក្មួយៗ ដែលបានចុះឈ្មោះចូលរៀន គឺលទ្ធផលចុងក្រោយ ។

ត្រង់ចំណុចនេះ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លទ្ធផលចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញគឺ «គ្រប់គ្នាពេលដែល រៀនចប់គឺចេះ ចេះហើយគឺមានការងារធ្វើ» បើទោះបីជាបងប្អូនបានចូលរៀន បានទៅចុះស្តារ ឬកម្មសិក្សាក៏ដោយ ប៉ុន្តែបើសិនជាពេលចប់មានតែសញ្ញាបត្រ ប៉ុន្តែអត់មានការងារធ្វើ នោះក៏មិនមែនជាលទ្ធផលជោគជ័យ សំរាប់ក្រសួងក្នុងការឆ្លើយតប ចំពោះថ្នាក់ដឹកនាំនោះទេ។ ដូច្នេះថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមតំណាក់កាលទី២ ដែលថ្នាក់ដឹកនាំទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋ សិក្សាកាម ជាយុវជន យុវតី លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យទាំងអស់ ត្រូវបន្តរួមគ្នាទៀតរហូតដល់ ពេលដែលវគ្គបណ្តុះបណ្តាលនេះ បានសំរេចដូចក្តីប្រាថ្នា របស់ខ្លួន គឺមានការងារធ្វើ ការងារដែលល្អជាងមុន ការងារដែលមានចំណូលទៀងទាត់ នោះទើបយើងរួចខ្លួន។

ឯកឧត្តម បន្ថែមថា ពេលចប់វគ្គនេះហើយ យើងក៏មិនទាន់រួចខ្លួនដែរ ពីព្រោវគ្គបណ្តះបណ្តាលនេះ មិនមែនបើកតែមួយវគ្គនោះទេ វគ្គបណ្តុះបណ្តាលនេះ បើកជាបន្តបន្ទាប់ រហូតដល់ទៅ១លាន៥សែននាក់ ហើយត្រូវធានាថា វគ្គនេះត្រូវជោគជ័យមានការងារធ្វើ ទើបវគ្គបន្តបន្ទាប់ទៀតទទួលបានជោគជ័យ ។

សូមបញ្ជាក់ដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ កម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីឱ្យយុវជន មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារ ធ្វើសមរម្យដើម្បីលើកកម្ពស់ ជីវភាពគ្រួសារ និងប្រគួតប្រជែងក្នុងទីផ្សារការងារ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner