លោកជំទាវ ម៉ែន នារីសោភ័គ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរ បទពិសោធន៍ជាលើកទី២ របស់គណៈប្រតិភូយុវជនកាកបាទក្រហម សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២ របស់ គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ចំនួន ៤៥រូប ដឹកនាំដោយលោកស្រី LEE MINSEON ជាប្រធានប្រតិភូ ដែលជំនួបនេះប្រព្រឹត្ត ទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ។

លោកជំទាវ អគ្គលេខាធិការស្តីទី បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤ របស់គណៈប្រតិភូយុវជន កាកបាទ ក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវ បានជម្រាបជូនពីសកម្មភាពការងាររបស់កាកបាទ ក្រហមកម្ពុជា ទៅតាមយុទ្ធសាស្ត្រ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការទៅតាម វិស័យអាទិភាពចំនួន ៤ រួមមាន ៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័ន។

លោកជំទាវអគ្គលេខាធិការស្តីទី ក៏បានគូសបញ្ជាក់ពី សកម្មភាពការងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលទទួលគោរមងារនេះទទួលបានពីអង្គការ សហប្រជាជាតិ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ហើយ ៣ឆ្នាំបន្ទាប់ បានទទួលពានរង្វាន់វេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតប មេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ និងគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការ សកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បាន ទទួលនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។ បន្ថែមពីនេះ លោកជំទាវ បានរំលេច ពីសកម្មភាពសំខាន់ៗថ្មីៗនេះ ដែលកាកបាទក្រហមកម្ពុជា បានធ្វើ ជាម្ចាស់ផ្ទះ (ជុំទី៣) នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាពអាស៊ីអាគ្នេយ៍ ក៏ដូចជាសកម្មភាពក្នុងការចូលរួមលើកកម្ពស់បរិស្ថាន ទប់ស្កាត់ការប្រែប្រួល អាកាសធាតុ តាមរយៈ ការចូលរួមដាំដើមឈើ និងយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ថង់ប្លាស្ទិកជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ តំណាងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ២រូប បានធ្វើបទបង្ហាញស្តីពី បណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម កម្ពុជា នៅតាមសាខាទាំង ២៥រាជធានីខេត្ត និងការចូលរួមរបស់យុវជនកាកបាទ ក្រហមកម្ពុជា ក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ តំបន់ និងភូមិភាគ ជាពិសេសបានគូសបញ្ជាក់ពីសេចក្តីសម្រេចចិត្ត និងសំណូមពររបស់យុវជន ក្នុងសេចក្តីថ្លែងការណ៍វេទិកាយុវជនលើកទី ១ និងលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ជូនដល់គណៈប្រតិភូ យុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន បានជ្រាបផងដែរ។

លោកស្រី LEE MINSEON ប្រធានប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើបទ បង្ហាញ របស់ កាកបាទក្រហមកម្ពុជា ដែលឆ្លុះបញ្ចាំងពីសកម្មភាពមនុស្សធម៌ មានលក្ខណៈ ស្រដៀងគ្នា ទៅនឹងការងាររបស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េផងដែរ។

លោកស្រី បានថ្លែងអំណរគុណចំពោះក្រុមការងារកាកបាទក្រហមកម្ពុជា ដែលបាន ទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅក្នុងកំឡុងពេលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការសម្របសម្រួលនានាក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់ថា កាកបាទក្រហមសាធារណរដ្ឋកូរ៉េ និងកាកបាទក្រហមកម្ពុជា តែងតែមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា នាពេលកន្លងមក ហេតុដូច្នេះហើយ ការផ្លាស់ប្តូរបទពិសោធន៍ ជាលើកទី២នេះ នឹងធ្វើឱ្យសមាគមជាតិទាំងពីរកាន់តែមានភាពជិតស្និទ្ធ សាមគ្គីភាព និងមិត្តភាពយូរអង្វែងតទៅ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner