ឯកឧត្តម លី កុសល ៖ មានថ្ងៃ ៧ មករា មានសន្តិភាព និងមានការប្រកួតជួបជុំ ដ៏សប្បាយរីក
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែង លើកឡើងថា ការប្រកួត កីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២៣ ដែលបានរៀបចំ នៅខេត្ត មណ្ឌលគីរី រយៈពេល២ថ្ងៃ គឺបានបញ្ចប់ទៅដោយសាមគ្គីភាព មិត្តភាព និងភាពសប្បាយរីករាយ ។
ឯកឧត្តម ប្រធានសហព័ន្ធ បានអះអាងថា ការរៀបចំនៅទឹកដីមណ្ឌលគីរីនេះ បានធ្វើឲ្យកីឡាករកីឡាការិនីប្រតិភូចូលរួមទាំងអស់ ទទួលបាននូវអារម្មណ៍ ស្រស់ ស្រាយសប្បាយរីករាយខ្លាំង ព្រោះខេត្តមណ្ឌលគីរីជាខេត្តមួយមានសក្កានុពល ទេសចរណ៍ធម្មជាតិដ៏ស្រស់បម្រង។
ប្រធានសហព័ន្ធបាន គូសបញ្ជាក់ទៀតថា ការប្រកួតកីឡាវាយសីដណ្តើម ពានរង្វាន់ ៧មករា សហព័ន្ធរៀបចំឡើងជារៀងរាល់ឆ្នាំពីខេត្តទៅខេត្តមួយ ដើម្បីជាការរំលឹក ដឹងគុណចំពោះថ្ងៃជ័យជំនះ៧មករា ១៩៧៩ ថ្ងៃរំដោះទឹកដីចេញពីការកាន់កាប់ របស់របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយប៉ុលពត ដែលជារបបដ៏សាហាវ យង់ខ្នងកាប់សម្លាប់ជីវិតគ្មានត្រាប្រណី ហើយ ក៏ជាការរំលឹកដឹងគុណចំពោះ វិរៈយុទ្ធជនយុវនារី បានបូជាឈាមស្រស់និងសាច់ស្រស់លះបង់ ក្នុងការប្រយុទ្ធ តស៊ូវាយរំលំរបបប៉ូលពតរហូតជោគជ័យ ធ្វើឲ្យប្រជាជនកម្ពុជា បានរស់រៀន មានជីវិតមានសេរីភាព និងមានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ននេះ។ មានថ្ងៃជំនះ៧មករា ១៩៧៩ ទើបមានសុខសន្តិភាព ហើយ សុខសន្តិភាព គឺចេញពីនយោបាយឈ្នះ រកបានដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដល់ សម្តេច មហាធិតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រជាជនកម្ពុជាមានសេចក្តីសុខរមនាខ្លាំង ណាស់ ក្រោមដំបូលសន្តិភាពដ៏ពេញលេញរបស់យើង។
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត មណ្ឌលគីរី មានប្រសាសន៍ថា ក្នុងនាមខេត្តម្ចាស់ផ្ទះ សូមថ្លែងអំណរគុណខ្លាំងណាស់ ចំពោះសហព័ន្ធកីឡាវាយសីកម្ពុជា និងកីឡាករកីឡាការិនីកីឡាវាយសីគ្រប់បណ្តាលខេត្ត ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា ដើម្បីអបអរសាទរទិវាជ័យជំនះ៧មករា ។ ឯកឧត្តម អភិបាលខេត្ត បានចាត់ទុកព្រឹត្តិការណ៍ប្រកួតដ៏សប្បាយរីករាយនេះ គឺរំលឹកដល់យុវជនជំនាន់ក្រោយឲ្យស្គាល់និងបានដឹងអំពីអន្ថ័យនៃថ្ងៃជ័យជំនះ៧មករា ១៩៧៩។
ឯកឧត្តម អភិបាលខេត្ត អះអាងទៀតថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាវាយសីដណ្តើមពានរង្វាន់៧មករានេះទៅ ខេត្តមណ្ឌលគីរីនឹងត្រៀមចូលរួមសហកាជានិច្ចរាល់ព្រឹត្តិការណ៍កីឡាដែលមករៀបចំនៅខេត្តមណ្ឌលគីរី ដើម្បីជាការចូលរួមបំផុសអភិវឌ្ឍកីឡានៅក្នុងខេត្ត ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទ៕
រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ







