សម្បទានិក នៃដីសម្បទានសង្គមកិច្ចចំនួន ២០០គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន និងគ្រួសារ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនៃដីសម្បទានសង្គមកិច្ចចំនួន ២០០គ្រួសារនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននាំមកនូវការផ្ដាំផ្ញើការសួសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនចំពោះប្រជាពលរដ្ឋក៏ដូចជាសម្បទានិកទាំងអស់ និងមន្រ្តីរាជការ អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋានស្រុករមាសហែក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា លើសពីការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មីដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់ និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ក្នុងនោះមានការកសាងផ្លូវខ្វាត់ខ្វែងស្របតាមបច្ចេកទេសដែលខុសគ្នាពីភូមិចាស់។

ជាមួយនឹងការរៀបចំពង្រីកភូមិថ្មីនេះ ក៏នឹងមានការគិតគូរអំពីសេដ្ឋកិច្ចស្របតាមអ្វីដែលយើងហៅថា បុរីជនបទ ក្នុងនោះត្រូវរៀបចំពង្រីកទីប្រជុំជន ត្រូវមានផ្លូវសម្រាប់ធ្វើដំណើរ មានផ្សារ សាលារៀន មន្ទីរពេទ្យ ត្រូវវាស់វែងដីឡូត៍ឱ្យបានច្បាស់លាស់ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់កុំឱ្យមានវិវាទដីធ្លី ហើយដីឡូត៍នីមួយៗគប្បីត្រូវបែងចែកជាផ្នែកដើម្បីបង្កើនជីវភាពគ្រួសារ ក្នុងនោះ ១/៤ នៃដីឡូត៍នេះគឺជាផ្ទះ ១/៤គឺជាស្រះទឹកសម្រាប់ចិញ្ចឹមត្រី ឬដើម្បីមានទឹកទុកប្រើប្រាស់ស្រោចស្រពដំណាំកសិផលផ្សេងៗ ១/៤ទៀតនៃដីឡូត៍នេះទុកសម្រាប់ដាំដំណាំ និង១/៤ ទៀតទុកសម្រាប់ចិញ្ចឹមសត្វ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានសំណូមពរដល់ប្រជាពលរដ្ឋគប្បីថែរក្សាការពារទ្រព្យដ៏មានតម្លៃនេះឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយទៀត និងគប្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមអ្វីដែលយើងបានឯកភាពគ្នា ពីព្រោះនៅលើពិភពលោកនេះមិនមានប្រទេសណាដូចនៅកម្ពុជាទេដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ដើម្បីរៀបចំផ្ទះសម្បែង ដីធ្លីជូនអតីតយុទ្ធជនសម្រាប់រស់នៅនិងបង្កបង្កើនផល ដើម្បីអនាគតគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ មន្ត្រីរាជការក្រោមឱវាទក្រសួងនិងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី ក្រុមប្រឹក្សាឃុំ ស្រុក ក្នុងស្រុករមាសហែក ដែលបានរួមសហការល្អក្នុងការជំរុញឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យយ៉ាងពេញលេញ។ នេះគឺជាគម្រោងទីមួយដែលបានអនុវត្តនៅខេត្តស្វាយរៀង ហើយក៏នឹងមានគម្រោងផ្សេងទៀតដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់។ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក្តីក៏ត្រូវជំរុញឱ្យដំណើរការអនុវត្តគម្រោងទាំងអស់ទទួលបានជោគជ័យ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការទាញប្រជាពលរដ្ឋក្រីក្រឱ្យចាកចេញពីភាពខ្វះខាត និងធានាជីវភាពរស់នៅសមរម្យដូចប្រជាពលរដ្ឋទូទៅ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner