គ.ជ.ប ផ្សព្វផ្សាយពីគោលការណ៍ ក្នុងការរៀបចំកម្មវិធីសំណួរ-ចម្លើយ និងស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ស្តីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយ របស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងគោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធី នយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ។

ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” បានដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្ដម ម៉ុក ដារ៉ា បានឱ្យដឹងថា៖ចំពោះកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សា ត្រូវធ្វើឡើងជាមួយគណបក្សនយោបាយដែលបានចុះ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ កម្មវិធីនេះ អាចធ្វើនៅទីសាធារណៈ ឬកន្លែងឯកជនតាមមូលដ្ឋាន ឬនៅថ្នាក់ជាតិ និងតាមស្ថានីយវិទ្យុ ឬ ទូរទស្សន៍ផ្ទាល់។ ដើម្បីឱ្យដំណើរការកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សានេះ ប្រព្រឹត្តទៅ មានភាពយុត្តិធម៌សម្រាប់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានត្រូវអនុវត្តតាមគោលការណ៍ដូចជា ៖ ត្រូវធ្វើលិខិតជាលាយលក្ខណ៍អក្សរអញ្ជើញតំណាងគណបក្សនយោបាយ ដែលបាន ចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាផ្លូវការ ដើម្បីឱ្យចាត់តាំងតំណាងរបស់ខ្លួនចូលរួមក្នុងកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សា,យោងតាមកម្រិតនៃការរៀបចំនៅតាមមូលដ្ឋាន ឬនៅថ្នាក់ជាតិ ។

ឯកឧត្តមបានលើកឡើងថា៖ការធ្វើលិខិតអញ្ជើញនេះ ត្រូវអញ្ជើញគ្រប់គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅតាមភូមិភាគ ឬគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ។ដោយឡែកក្នុងករណីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ដែលមានបំណងរៀបចំកម្មវិធីនៅតាមរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅតាមភូមិភាគបានចូលរួម។ ត្រូវផ្តល់ប្រធានបទ និងសំណួរដែលត្រូវចោទសួរក្នុងកម្មវិធីសំណួរចម្លើយ ឬ កិច្ចពិភាក្សា ជូនគណបក្សនយោបាយយ៉ាងតិច ១០ (ដប់) ថ្ងៃ មុនថ្ងៃចាប់ផ្តើមកម្មវិធី។ ក្នុងករណីដែលគណបក្សនយោបាយបានទទួលលិខិតអញ្ជើញនោះហើយ តែពុំបាន ចាត់តំណាងរបស់ខ្លួនឱ្យទៅចូលរួមក្នុងកម្មវិធីតាមកាលបរិច្ឆេទកំណត់ មានន័យថា គណបក្សនយោបាយនោះ បោះបង់ចោលពេលវេលារបស់ខ្លួន ហើយគម្មវិធីនឹងត្រូវ ដំណើរការធម្មតាទៅតាមកាលបរិច្ឆេទកំណត់ ។

ក្នុងកិច្ចប្រជុំនេះបានបញ្ជាក់ដែរថា៖សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវអនុវត្ត ដូចជា៖ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវប្រកាសជាសាធារណៈអំពីចំនួនម៉ោងដែលខ្លួនមាន សម្រាប់លក់ ឬ ជួលក្នុងរយៈពេល ១ (មួយ) ថ្ងៃ និងចំនួនម៉ោងដែលមានសម្រាប់ល ជួលក្នុងរយៈពេល ១៤ (ដប់បួន) ថ្ងៃ នៃដំណាក់កាលឃោសនាបោះឆ្នោត។

ជាមួយគ្នានេះសម្រាប់អ្នកគ្រប់គ្រងកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សា អំពីគោលនយោបាយរបស់គណបក្ស ត្រូវតែអព្យាក្រឹត និងមិនលម្អៀង។ដោយឡែកសម្រាប់ការផ្សព្វផ្សាយកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សា អំពីគោលនយោបាយរបស់គណបក្ស ពុំតម្រូវឱ្យមានលិខិតយល់ព្រមពី គ.ជ.ប ឡើយ។ទោះបីយ៉ាងណាអ្នកគ្រប់គ្រងកម្មវិធីនេះត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានកំហុសលើដំណើរការនៃការផ្សាយកម្មវិធី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានត្រូវ គោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា និងគោលការណ៍នេះជាដើម៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព៖ គ្រី សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner