កាកបាទក្រហមកម្ពុជា ដាក់ចេញទិសដៅពង្រឹងបណ្តាញយុវជនកាកបាទក្រហម កម្ពុជា ជាង ៤ពាន់នាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ដើម្បីពង្រឹងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថាន ឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ, អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារ ទ្រទ្រង់សកម្មភាពយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៦-១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការ កណ្តាល និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទ ក្រហម កម្ពុជា បានជួបប្រជុំពិភាក្សាជាមួយសាកលវិទ្យាធិការ សាកលវិទ្យាធិការរង នាយក នាយករង ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជន នៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ១០ និងឯកជនចំនួន ១៤ ក្នុងរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ-មន្ត្រីនៃក្រុមការងារអភិវឌ្ឍន៍ស្ថាប័ននៃទីស្នាក់ការកណ្តាលកាកបាទ ក្រហមកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ, អង្គប្រជុំបានសម្រេច និងឯកភាព ក្នុងការកសាងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៤៣០០នាក់ (ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ១០ ត្រូវពង្រឹងកម្លាំងយុវជនចំនួន ២២៤៤នាក់, គ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ១៤ ត្រូវពង្រឹងកម្លាំងយុវជនចំនួន ២០៥៦នាក់) ដែលយុវជនថ្មីទាំងអស់នេះ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល ជាមូលដ្ឋាន ស្តីពី ១/. ប្រវត្តិចលនាអន្ដរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ២/. មូលដ្ឋានគ្រឹះវិជ្ជាសង្គ្រោះបឋម និង៣/.គោលនយោបាយ តួនាទី ភារកិច្ចរបស់យុវជន អ្នកស្ម័គ្រចិត្ត។

បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលខាងលើនេះរួច, យុវជនទាំងអស់ នឹងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសម្គាល់ខ្លួន និងការ បំពាក់ឯកសណ្ឋាន ដើម្បីបំពេញតួនាទី-ភារកិច្ចជាយុវជនកាក បាទក្រហមកម្ពុជា ជាមិត្តអប់រំមិត្ត ជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន បំពេញសកម្មភាពការងារមនុស្សធម៌នៅតាមគ្រឹះស្ថានឧត្តមសិក្សារៀងៗខ្លួន និងក្នុងការងារសង្គមផ្សេងៗ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner