រដ្ឋសភាកម្ពុជា ប្រកាន់ខ្ជាប់ ការពារគោលការណ៍សិទ្ធិមនុស្ស ដែល មានចែ ង ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា
(ភ្នំពេញ)៖ នៅក្នុងឱកាសអនុញ្ញាតជូន លោកស្រី Rouieda El Hage តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UN-OHCHR) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បញ្ជាក់ថា ក្នុងនាមរដ្ឋសភា និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងការការពារគោលការណ៍សិទ្ធិមនុស្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាជាប្រទេសហត្ថលេខី និងត្រៀមសហការជានិច្ចជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជាបានបញ្ចូលគោលការណ៍សិទ្ធិមនុស្សទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដោយរួមបញ្ចូលនូវសិទ្ធិសំខាន់នានាដូចជា សមភាពចំពោះមុខច្បាប់ សិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពខាងសាសនា និងជំនឿ សមភាពយេនឌ័រ និងសិទ្ធិក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកស្រី Rouieda El Hage បានសន្យាថា នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស ដែលជាបញ្ហាសកល ក្រោមពាក្យស្លោកថា «ប្រសិនបើអ្នកចង់ទៅលឿន អ្នកទៅតែម្នាក់ឯង តែបើអ្នកចង់ទៅឱ្យបានឆ្ងាយ អ្នកត្រូវទៅជាមួយគ្នា»៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ


