ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ អរគុណរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួន
(ភ្នំពេញ)៖ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំនៅកម្ពុជា បានកោតសរសើរ និងអរគុណដល់រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់ការអភិវឌ្ឍដល់ប្រទេសខ្លួនដូចជាការគំាទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាល និង រដ្ឋសភាកម្ពុជា ចំពោះការចូលជាសមាជិកអាស៊ាន និងអន្តរសភាអាស៊ាន(AIPA) របស់ទីម័រឡេស្តេ។ ជាមួយគ្នានេះ កម្ពុជាបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់និស្សិតទីម័រឡេស្តេបានមកសិក្សានៅកម្ពុជាផងដែរ ។

ឯកអគ្គរដ្ឋទូត ទីម័រឡេស្តេ បានលើកឡើងដូច្នេះនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បានលើកឡើងថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរបានលើកកម្ពស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក នៃថ្នាក់ដឹកនាំប្រទេសទំាងពីរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសទីម័រឡេស្តេ កាលពីឆ្នាំ២០១៦ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសកម្ពុជា និងទីម័រឡេស្តេ ជាប្រទេសបងប្អូននឹងគ្នា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អមួយ មានភាពអស្ចារ្យបំផុត ដែលបានស្វែងរកសុខសន្តិភាព មិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេច ជាវីរបុរសរបស់សកលលោកផងដែរ ។

សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានិងរដ្ឋសភាទីម័រឡេស្តេបានសហការនិងគាំទ្រគ្នា ក្នុងវេទិកាអន្ដរសភានានារួមមាន AIPA, IPU, APPF ជាដើម។ ប៉ុន្តែទំនាក់ទំនងជាលក្ខណៈទ្វេភាគីនៅមិនទាន់មានកិច្ចព្រមព្រៀងណាជាមួយគ្នានៅឡើយ។
សម្តេចរដ្ឋសភាធិបតី គំាទ្រដល់ការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទំាងពីរ កម្ពុជា ទីម័រឡេស្តេ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
