អង្គការសុខភាពពិភពលោក (WHO) ៖ វ៉ាក់សាំងកូវីដ-១៩សង្គ្រោះជីវិតមនុស្ស ១,៤លាននាក់នៅអឺរ៉ុប

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បានកាត់បន្ថយការស្លាប់នៅអឺរ៉ុប យ៉ាងហោចណាស់ ៥៧ភាគរយ និងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងហោចណាស់ ១,៤ លាននាក់។

នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក ហាន ក្លាហ្គ បាននិយាយយ៉ាងដូច្នេះថា សព្វថ្ងៃនេះ មានប្រជាជន ១,៤លាននាក់នៅក្នុងតំបន់របស់យើង (អឺរ៉ុប) ដែលភាគច្រើនជាមនុស្សចាស់ បានរីករាយនឹងជីវិតរស់នៅជាមួយក្រុមគ្រួសារជាទីស្រលាញ់របស់ពួកគាត់ ដោយ សារតែពួកគាត់បានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។ នេះគឺជាឥទ្ធិពលនៃវ៉ាក់សាំង… ជាភស្តុតាងដែលមិនអាចប្រកែកបាន។

ក្រុមអ្នកស្រាវជ្រាវរកឃើញថា ចាប់ពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២៣ វ៉ាក់សាំងការពារជំងឺកូវីដ១៩ កាត់បន្ថយការស្លាប់បាន ៥៧ភាគរយ ចំពោះក្រុមមនុស្សមានអាយុចាប់ពី ៧០ ដល់ ៧៩ឆ្នាំ និង ៥៤ភាគរយ ចំពោះក្រុមមនុស្សមានអាយុចាប់ពី ៦០ ដល់ ៦៩ឆ្នាំ។ រីឯអត្រាស្លាប់បានកាត់បន្ថយ ៥២ភាគរយ ក្នុងក្រុមមនុស្សមានអាយុចាប់ពី ៥០ ដល់ ៥៩ឆ្នាំ និង ៦២ភាគរយ ចំពោះក្រុមមនុស្សមានអាយុលើសពី ៨០ឆ្នាំ។

យោងតាមការសិក្សារបស់ក្រុមស្រាវជ្រាវមកពីអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប រកឃើញថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅតំបន់អឺរ៉ុបមានប្រមាណ ២,៥លាននាក់ ហើយតួលេខនេះអាចនឹងកើនឡើងខ្ពស់ជាង ៤លាននាក់ បើសិនគ្មានវ៉ាក់សាំងការពារនោះទេ។ ចំណែកការវិភាគទៅលើទិន្នន័យទទួលបានពីប្រទេសចំនួន ៣៤ រកឃើញថា ជាង ៩០ភាគរយនៃជីវិតមនុស្សដែលត្រូវបានសង្គ្រោះ គឺស្ថិតក្នុងក្រុមមនុស្សមានអាយុលើសពី ៦០ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner