ឯកឧត្តម Tony Blair វាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា
(ស្វីស)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៃឱកាសចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិ នៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair (Tony Blair Institute for Global Change) បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា ។

នៅក្នុងជំនួបនេះដែរ សម្តេចធិបតី បានសម្តែង នូវការស្វាគមន៍ និងសេចក្តីរីករាយ ដែលបានជួបពិភាក្សាជាមួយឯកឧត្តម Tony Blair និងបានបញ្ជាក់ថា កម្ពុជារក្សាបានូវសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យកនូវឤទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ឯកឧត្តម Tony Blair បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ហើយឯកឧត្តម បានជម្រាបជូនសម្ដេចធិបតីថា វិទ្យាស្ថានបម្រែបម្រួលសកល Tony Blair បាននិងកំពុងជួយគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើន ហើយក្នុងនោះក៏មានប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។
ជាមួយនេះ ឯកឧត្តម Tony Blair បានបង្ហាញពីបំណង ពង្រឹងកិច្ចសហការ និងការស្វែងយល់បន្ថែមអំពីកម្ពុជា ដោយឯកឧត្តមបានជម្រាបសួរសម្ដេចធិបតីបន្ថែមអំពីគោលនយោបាយអាទិភាពសំខាន់ៗមួយចំនួនរបស់កម្ពុជា ដែលរួមមាន វិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម ។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ចល្អ ហើយវិស័យកសិកម្ម នៅតែជាវិស័យអាទិភាពមួយ ដោយរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការការផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដែលពឹងផ្អែកលើកសិកម្មវៃឆ្លាត ។
ចំពោះវិស័យថាមពល និងបរិស្ថាន សម្ដេចធិបតី បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា សម្រេចបាន ៦២% នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ កម្ពុជា ក៏បានសម្រេចបញ្ឈប់គម្រោង អភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជា ត្រូវការអភិវឌ្ឍ បច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករ នៃការអភិវឌ្ឍប្រទេស ស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ៕

ដោយ ៖ វណ្ណលុក