អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) កត់សម្គាល់ពីគុណភាព នៃផលិតផល ដែលផលិត នៅកម្ពុជា

(ស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចូលជួបសម្តែង ការគួរ សម ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ។

ជាកិច្ចចាប់ផ្ដើម សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែល បានជួបពិភាក្សាការងារជាមួយលោកអគ្គនាយក និងបានកោតសរសើរ និង ថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការWIPO នាពេលកន្លងមក ។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការកន្លង មករវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយ បច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាង សមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា ដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ។

សម្ដេចធិបតី ក៏បានស្នើអង្គការ WIPO បន្តគាំទ្រ ការកសាងសមត្ថភាព និងការ លើក កម្ពស់ ចំណេះដឹង នៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដល់ប្រជាជនកម្ពុជា ផងដែរ។

លោកអគ្គនាយក បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀត ពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសម នាឱកាសនេះ ហើយលោកអគ្គនាយកយល់ស្រប ទៅនឹងប្រសាសន៍របស់សម្ដេច ធិបតី អំពីកិច្ចសហប្រតិបត្តិការល្អ រវាងអង្គការ WIPO និងប្រទេសកម្ពុជា ។

លោកក៏បានទទួលស្គាល់នូវគុណភាពនៃផលិតផល ដែលផលិតនៅកម្ពុជាផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងលោកអគ្គនាយក និងថ្នាក់ដឹក នាំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា លោក បាន ស្គាល់ និងប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជាមួយចំនួន ដែលមានគុណភាពខ្ពស់ និងមានសក្ដានុពលសម្រាប់ទីផ្សារអន្តរជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner