ក្រសួងបរិស្ថាន ណែនាំអាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋ ត្រូវចូល រួមទប់ស្កាត់ ការបំពុលខ្យល់ តាមរយៈវិធានការ ៤ចំណុច
(ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុងកំពុងបក់ពី ទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។
ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានជូនដំណឹងនិងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំណុចដូចខាងក្រោម៖
ទី១. អាជ្ញាធរត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋមិនឱ្យដុតរានព្រៃ វាលស្មៅ សំណល់ កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀត នៅទីចំហឡើយ។
ទី២. អាជ្ញាធរ ត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុត
សំណល់ កសិកម្ម ដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលាន ចាក់សំរាម។
ទី៣. អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការទប់ស្កាត់ការ ហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។
ទី៤. អាជ្ញាធរ ត្រូវធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។
គួររម្លឹកជូនថា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងបង្ការហានិភ័យធនធានធម្មជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏បានចេញសេចក្តីជូន ដំណឹងម្តងរួចទៅហើយ ស្តីពីវិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ ស្ថាប័ន មានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់ច្បាស់អំពីករណីកិច្ច ក្នុងការការពារ ទប់ស្កាត់ តាមរយៈការចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាព ជំនាញ ក្រោមឱវាទរបស់ក្រសួងទាំងពីរ៕
ដោយ / គ្រី សម្បត្តិ