កម្ពុជា-ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹង កិច្ច សហប្រតិបត្តិការបន្ថែមទៀត

(ស្វីស)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ។

ក្នុងជំនួបនេះ លោកជំទាវប្រធានទីភ្នាក់ងារ USAID បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោកជំទាវ បានគោរពជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូច តាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខាសិក្សានៅតាមសាលារៀនសម្រាប់កុមារតូច ។

លោកជំទាវក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាព របស់ទារក និងកុមារតូចក្រោមអាយុ៥ឆ្នាំ ផងដែរ។

លោកជំទាវ បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAID នៅកម្ពុជា នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់ USAID ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ។

ជាមួយគ្នានោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបន្តផ្តល់ជំនួយចំនួន ១៨ លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា ក្នុងពេលសម្តេចធិបតីបានទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Victoria Nuland អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នាឱកាសអញ្ជើញបំពេញទស្សនកិច្ចទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូយ៉ក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner