ទេសរដ្ឋមន្រ្តី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ Kun Khmer Kung Fu រៀបចំដោយ ចិន និងកម្ពុជា ជាការលើកកម្ពស់ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក
(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ ជាតិ អូឡាំពិក កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៤នេះ បានទទួលជួបតំណាង ភាគីទូរទស្សន៍សាធារណៈប្រជាមានិតចិនហាយណាននៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា ជំនួបជាមួយតំណាងទូរទស្សន៍ ហាណានរបស់សាធារណៈរដ្ឋប្រជាមានិនចិននាពេលនេះ គឺជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលជាយុទ្ធសាស្រ្តចំណងមិត្តភាពដែកថែបរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឯកឧត្តម បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាដែលកម្ពុជានិងចិនបង្កើតរួមគ្នានេះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤សែ្អកនេះ គឺជាវេទិការដ៏សំខាន់មួយនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។ ជំនួបក្បាច់គុនខ្មែរខាងលើនេះ ជាការផ្លាស់ប្តូរនូវវប្បធម៌ក្បាច់គុន ហើយ ក៏ជាឱកាសដ៏សំខាន់ ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។
ឯកឧត្តម ថា តាមរយៈកិច្ចសហការណ៍នេះ បានផ្តល់ផលចំណេញច្រើនណាស់ សម្រាប់ការផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រោះទូរទស្សន៍របស់ចិន មានការផ្សព្វផ្សាយទូលំទូលាយដល់ពិភពលោកធ្វើឲ្យគុនខ្មែរកាន់តែល្បីរន្ទឺផង។ ពិសេស ព្រឹត្តិការណ៍ជំនួបក្បាច់គុនខាងលើនេះ វាក៏ជាការទាក់ទាញនូវទេសចរណ៍ ឲ្យ ចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀតផង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា តាមរយៈកិច្ចសហការបង្កើត ព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរ និង Kung Fu នៅលើទឹកដីប្រទេសកម្ពុជានេះ ក៏ជាផ្នែកមួយបានរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែទូលាយទៅកាន់ប្រទេសនៅក្នុងតំបន់និងពិភពលោក ដើម្បីបញ្ចូលគុនខ្មែរ ក្នុងក្របខ័ណ្ឌកីឡានៅក្នុងតំបន់ត្រឹមឆ្នាំ២០៣២។
សូមបញ្ជាក់ថា កម្មវិធី Ganzberg Kun Khmer Kung Fu នឹងចាប់ផ្តើម ប្រកួត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ជើងខ្លាំងគុនខ្មែរដូចជា ធឿន ធារ៉ា រឿង សោភ័ណ្ឌ ផល សោភ័ណ្ឌ ពេជ្រ សម្បត្តិ ម៉ឺន មេឃា អេ យ៉ានុត មកសាកថ្វីដៃជាមួយកីឡាករ Kung Fu របស់ចិន និងជើងខ្លាំងមកពីប្រទេសរុស្ស៊ី ហ្វីលីពីន ទាំងលក្ខណៈ Kun Khmer និង Kickboxing ៕



រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ