អ៊ីរ៉ង់ សន្យាជួយផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ទៅពលរដ្ឋខ្លួន និងជំរុញការហោះហើរត្រង់រវាងភ្នំពេញ-តេអេរ៉ង់

(ភ្នំពេញ)៖ ភាគីអ៊ីរ៉ង់ បានសន្យាចំពោះកម្ពុជាថា នឹងជួយផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍ចម្បងដែលត្រូវមកទស្សនាសម្រាប់ប្រជាពលរដ្ឋអ៊ីរ៉ង់» ហើយនឹងខិតខំជំរុញឱ្យមានការហោះហើរត្រង់រវាងរាជធានីភ្នំពេញទៅមករដ្ឋធានីតេអេរ៉ង់ នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម អាលី អាក់បារ ណាហ្សារី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ។

ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន បានបង្ហាញបច្ចុប្បន្នភាព និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានៅថៃ្ងអនាគត ក្នុងនោះក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។

ឯកឧត្តម ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់ បានបង្ហាញការកោតសរសើរខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាប្រកបដោយយុទ្ធសាស្រ្តនិងចក្ខុវិស័យ និងការយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះពីរាជរដ្ឋាភិបាលកម្ពុជា ។ ហើយក៏បានសរសើរដល់កម្ពុជា ថា មានគោលនយោបាយដ៏ប្រសើរសម្រាប់ប្រជាពលរដ្ឋមូស្លីម មានភោជនីយដ្ឋានបែបហាឡាច្រើន។

ឯកឧត្តម សុខ សូកេន បានថ្លែងអំណរគុណដល់ ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយបានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner