គ.ជ.ប សម្រេចអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត -ក្រុង -ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមាន ២ (ពីរ) ជំពូក ១៣ (ដប់បី) ផ្នែក និងឧបសម្ព័ន្ធ ចំនួន ៧ (ប្រាំពីរ)។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានរាយការណ៍ជូនអង្គប្រជុំ គ.ជ.ប ថា គ.ជ.ប បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ទៅឱ្យភាគីពាក់ព័ន្ធចំនួន៨៦ស្ថាប័ន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីផ្តល់យោបល់។ ភាគីទាំងនោះ រួមមាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត គណបក្សនយោបាយចំនួន២៦គណបក្ស អង្គការមិនមែនរដ្ឋាភិបាល និងសមាគម សរុបចំនួន២៦។ ស្ថាប័នចំនួន ៣២ បានផ្តល់យោបល់កែសម្រួល និងឯកភាព រួចបានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនោះមក គ.ជ.ប វិញ ត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើខ្លឹមសារយ៉ាងល្អិតល្អន់នូវអនុសាសន៍ទាំងនោះម្តងមួយចំណុចៗ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមាន ២ (ពីរ) ជំពូក ១៣ (ដប់បី) ផ្នែក និងឧបសម្ព័ន្ធ ចំនួន ៧ (ប្រាំពីរ) រួមមាន៖
-ជំពូកទី១ បទប្បញ្ញត្តិទូទៅ
-ជំពូកទី២ អំពីការបោះឆ្នោត
ផ្នែកទី១ ការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ផ្នែកទី២ ប្រព័ន្ធបោះឆ្នោត និងរូបមន្ត
ផ្នែកទី៣ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ
ផ្នែកទី៤ បញ្ជីបោះឆ្នោត
ផ្នែកទី៥ ការិយាល័យបោះឆ្នោត
ផ្នែកទី៦ ការឃោសនាបោះឆ្នោត
ផ្នែកទី៧ ការបោះឆ្នោត
ផ្នែកទី៨ ការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោត
ផ្នែកទី៩ ការបោះឆ្នោតសាជាថ្មី
ផ្នែកទី១០ ការដាក់ជំនួសសមាជិកក្រុមប្រឹក្សា
ផ្នែកទី១១ សមត្ថកិច្ចដោះស្រាយវិវាទក្នុងការបោះឆ្នោត
ផ្នែកទី១២ ការបោះឆ្នោតឡើងវិញ
ផ្នែកទី១៣ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន

ឧបសម្ព័ន្ធ៖
១-ក្រមសីលធម៌ សម្រាប់មន្រ្តីបោះឆ្នោត
២-ក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស នយោបាយក្នុងដំណើរការបោះឆ្នោត
៣-ក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការបោះឆ្នោត
៤-ក្រមសីលធម៌ សម្រាប់អ្នកសងេ្កតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោត
៥-ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោត
៦-សម្ភារ ឯកសារដែលត្រូវប្រគល់ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបោះឆ្នោតទាំងមូល
៧-សម្ភារ ឯកសារដែលត្រូវប្រគល់ជូនគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ
រូបភាព៖ គ.ជ.ប

ads banner