ក្រសួងកសិកម្មជូនដំណឹងពី វិធានការបង្ការអគ្គិភ័យក្នុងចម្ការកៅស៊ូនៅរដូវជ្រុះស្លឹក

(ភ្នំពេញ)៖ ខណៈពេលរដូវក្តៅឈានមកដល់ និងអាកាសធាតុនៅរដូវប្រាំង តែង មានសភាពក្តៅស្ងួតហួតហែង ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤បានចេញសេចក្តីជូនដំណឹងមួយឱ្យមាន ការប្រុងប្រយ័ត្ន ខ្ពស់ នៃអគ្គីភ័យនៅតាមចម្ការកៅស៊ូដែលជារដូវស្លឹកឈើជ្រុះនៃដើមកៅស៊ូឈានមកដល់។

ក្រសួងកសិកម្មបានឱ្យដឹងថា៖ដើមកៅស៊ូចាប់ផ្ដើមជ្រុះស្លឹក ចន្លោះពីខែមករា រហូត ដល់ចុងខែកុម្ភៈ ដែលអំឡុងពេលនេះគឺងាយអាចបង្កជាគ្រោះអគ្គីភ័យជាយថាហេតុ នៅក្នុងចម្ការកៅស៊ូ។ដើម្បីទប់ស្កាត់ និងបង្ការ ហានិភ័យខាងលើ អគ្គនាយកដ្ឋាន កៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹង និងក្រើន រំលឹកដល់ម្ចាស់ចម្ការកៅស៊ូទាំងអស់នៅទូទាំងប្រទេសឱ្យមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាត ចម្ការ និងធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ តាមការណែនាំដូចខាងក្រោម៖

១)កាត់ស្មៅនិងរុក្ខជាតិចង្រៃនៅជុំវិញព្រំចម្ការនិងចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរឱ្យបានស្អាតនិងស្រឡះល្អ។

២)ប្រមូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួច និងស្លឹកកៅស៊ូដែលជ្រុះនៅតាម ចន្លោះ រងកៅស៊ូដែលជាប់ផ្លូវធ្វើដំណើរ ដោយត្រូវដាក់ជាគំនរៗប្រវែង២៥ម៉ែត្រ ដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ។

៣)ត្រូវដុតមួយគំនរម្តងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ។ ការដុតត្រូវធ្វើនៅពេល ព្រឹកព្រលឹមនិងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផ្កាភ្លើង ហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់១០០ភាគរយ ក្រោយពេលឈប់ដុត។

៤)ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅ វេលាយប់។
៥)មិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រងនិងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។

ការដុតស្លឹកកៅស៊ូធ្វើឡើងជាបី ដំណាក់កាលគឺ៖ ទី១ ពេលកៅស៊ូជ្រុះស្លឹក បាន ប្រមាណ ៣០ភាគរយ ទី២ ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ១០០ភាគរយ។

អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាង មុតមាំថា ម្ចាស់ចម្ការកៅស៊ូ ទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner