ឯកឧត្តម ជា វ៉ាន់ដេត បើកកិច្ចប្រជុំរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ផ្ដោត សំខាន់ ទៅលើការរៀបចំផែនការសកម្មភាព ការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល របស់ក្រសួង ស្ថាប័ន

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គ.រ.ឌ. កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំរបស់គណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល ផ្តោជាសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព ការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលរបស់ក្រសួង ស្ថាប័ន។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋមន្ត្រីជា វ៉ាន់ដេត បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺសកម្មភាពមួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល។

ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំនេះ គឺផ្ដោតសំខាន់ទៅលើ ការរៀបចំ ផែនការ សកម្មភាព ការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលរបស់ក្រសួង ស្ថាប័ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈមនិងដំណោះស្រាយកន្លងមក ជូនគ្រប់ ក្រសួង ស្ថាប័ន ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ផ្អែកតាម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គោល នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរនៃការធ្វើ បរិវត្តកម្មរដ្ឋាភិបាលឌីជីថល យន្តការអនុវត្តនិងរចនាសម្ព័ន្ធដឹកនាំ គឺមានភាព សារៈ សំខាន់ ដូច្នេះ ក្រសួង ស្ថាប័ន ត្រូវរៀបចំមាននូវ (១) អង្គភាពបរិវត្តកម្មឌីជីថលនៅ តាមក្រសួង ស្ថាប័នជាចាំបាច់ (២)ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ឌីជីថល (៣)ការប្រើប្រាស់ឧបករណ៍និងកម្មវិធីឌីជីថល (៤)ការរៀបចំមជ្ឈមណ្ឌល ទិន្នន័យ (៥)ការបណ្តុះបណ្តាលជំនាញឌីជីថល និង (៦)ការរៀបចំផែនការ អភិវឌ្ឍន៍ ឌីជីថលនិងផែនការសកម្មភាពនៅតាមក្រសួង ស្ថាប័ន។ ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដែល ក.ប.ទ. ក្នុងនាមជាសេនាធិការ របស់ រាជរដ្ឋាភិបាលក្នុងការដឹកនាំសម្របសម្រួល គ.រ.ឌ. តែងតែគិតគូរអំពីការរៀបចំ យន្តការគាំទ្រក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំលើការងារជំរុញការធ្វើបរិវត្តកម្ម រដ្ឋាភិបាលឌីជីថល តាមរយៈការចុះអនុស្សរណៈនៃការយោគ យល់ និងកិច្ច ព្រម ព្រៀងស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងថ្នាលឬសេវារដ្ឋាភិបាលឌីជីថល ការរៀបចំបណ្តាញ ហេដ្ឋា រចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការបណ្តុះ បណ្តាលមន្រ្តីក្រោមឱវាទក្រសួង ស្ថាប័នពាក់ព័ន្ធនឹងជំនាញឌីជីថល។ គិតមកត្រឹមដំណាច់ឆ្នាំ២០២៣ ក្រសួង ស្ថាប័នចំនួន ៨ និងគ្រឹះស្ថានអប់រំ ចំនួន២៤ បានចុះអនុស្សរណៈនៃការយោគយល់និងកិច្ចព្រមព្រៀង ស្តីពីកិច្ច សហប្រតិបត្តិការជាមួយ ក.ប.ទ. ឯកសារចំនួនប្រមាណជាង២០ម៉ឺន ត្រូវបាន ដាក់បញ្ចូល QR Code ស្តង់ដាដែលអាចផ្ទៀងផ្ទាត់តាមថ្នាល verify.gov.kh ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកសាធារណៈពីក្រសួង ស្ថាប័នប្រមាណជិត ៦,០០០នាក់ ទទួលបានការបណ្តុះបណ្តាលលើជំនាញឌីជីថល។

ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល បានបោះជំហានមួយបន្ថែមទៀតគឺការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ គឺជាដំណាក់កាលដ៏សំខាន់មួយ សម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ដែលអាចផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាពនិងជឿទុកចិត្តបាន ព្រមទាំងជាកន្លែងប្រមូលផ្ដុំនិងរក្សាទិន្នន័យ របស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់អត្ថប្រយោជន៍ ដល់ ក្រសួង ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃថវិកា និងពង្រឹង សមត្ថភាពនៃការផ្តល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ក្រៅពីនេះ ក្រសួង បាននិងកំពុងពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ព្រមទាំងគុណ ភាពសេវាទូរគមនាគមន៍ ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹង កំណើន នៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអភិវឌ្ឍថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (Digital Government Products) រួចរាល់ជាស្ថាពរចំនួន៥ ព្រមទាំងបន្តអភិ វឌ្ឍ ថ្នាលឬសេវា រដ្ឋាភិបាលឌីជីថល បន្ថែមទៀត សម្រាប់ប្រយោជន៍ក្នុងរដ្ឋបាល សាធារណៈ ដើម្បីជួយសម្រួល ដល់ការបំពេញការងារប្រចាំថ្ងៃ កាត់បន្ថយការ ចំណាយថវិកាជាតិ និងការពារ សន្តិសុខនិងសុវត្ថិភាពទិន្នន័យ ស្របតាមគោល នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner