អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើឱ្យមានក្រុមការងារចម្រុះ ចុះពិនិត្យជនអន្តោប្រវេសន៍ នៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុន ឯកជននានា
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួល ខុសត្រូវ លើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពេលកម្មបរទេស នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិ បាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជ ធានី ភ្នំពេញ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោបវសន៍ ស្នើរអោយអាជ្ញាធររាជធានីភ្នំពេញ មានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យជនអន្តោប្រវេសន៍នៅតាមរោងចក្រ សហគ្រាសឬក្រុមហ៊ុនឯកជននានា។

ឧត្តមសេនីយ៍ឯក សុខ វាសនា គូសបញ្ជាក់ថា ការស្នើអោយមានជំនួប ពិភាក្សាការ ងារ ខាងលើនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបរ របស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ – សុវត្ថិភាព សង្គម និងមិនធ្វើឲ្យប៉ះពាល់ដល់បរិយាកាស វិនិយោគរបស់ជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជៀសវាងការ អនុវត្ត ជាន់តួនាទីភារកិច្ចរបស់នាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឯកភាពចំពោះ សំណើរខាង លើនេះ របស់នាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសារថា ការចុះព្រមៗគ្នាតែ១ដងបែបនេះ គឺកុំអោយខាងរោងចក្រ សហគ្រាសឬក្រុម ហ៊ុន ឯកជនទាំងនោះ គេធុញទ្រាន់ជាមួយកម្លាំងរបស់យើង។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ យើងជាអ្នកអនុវត្តច្បាប់ វាមិនបានសុគ្រិត ១០០%ទេ ពិតជានៅមានភាពចន្លោះប្រហោង ដែលយើងត្រូវរួមគ្នាបំពេញបន្ថែម ។ យើងត្រូវរកសំណាញ់មួយ ដែលអាចអោយជនបរទេសនិងប្រជាពលរដ្ឋរស់នៅ សំណាញ់ច្បាប់នេះទាំងអស់គ្នា។

ឯកឧត្តមអភិបាល បន្តថា ជារួមការងារនេះយើងអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងត្រូវបន្តរួមសហការគ្នាអនុវត្តការងារនេះអោយកាន់តែល្អថែមទៀត ដើម្បីអោយរាជធានីភ្នំពេញ ធានាបានសុខ សុវត្ថិភាព ជូនជនបរទេសឲ្យកាន់តែមានប្រសិទ្ធភាពនិងជឿទុកចិត្ត ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ
