ជប៉ុនចំណាយ ២.៣៥ពាន់លានដុល្លារ ទិញមីស៊ីលចម្ងាយឆ្ងាយ ៤០០គ្រាប់ ពីសហរដ្ឋអាមេរិក
តូក្យូ៖ ចំពោះមុខការកើនឡើងអំណាចយោធារបស់ចិន និងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃនោះ រដ្ឋាភិបាលជប៉ុននឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនទ្វេដង ដល់ស្តង់ដារដូចអង្គការណាតូ គឺ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៧។
ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមករានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ចំនួន ៤០០គ្រាប់ ខណៈទីក្រុងតូក្យូកំពុងព្យាយាមពង្រឹងសមត្ថភាពយោធា ទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់។
កិច្ចព្រមព្រៀងមានតម្លៃ ២.៣៥ពាន់លានដុល្លារនេះ គឺជាការបញ្ជាទិញមីស៊ីល Tomahawk ពីរប្រភេទ ដែលអាចបាញ់បានចម្ងាយ ១,៦០០គីឡូម៉ែត្រ ដោយវាត្រូវបានអនុម័តយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
សូមរម្លឹកផងដែរថា កាលពីខែធ្នូឆ្នាំមុន ទីក្រុងតូក្យូបានបន្ធូរបន្ថយគោលការណ៍នាំចេញសព្វាវុធរបស់ខ្លួន ដើម្បីអាចលក់មីស៊ីលសម្រាប់ប្រើជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត (Patriot) ដែលផលិតនៅក្នុងប្រទេសជប៉ុន ក្រោមអាជ្ញាបណ្ណឱ្យទៅសហរដ្ឋអាមេរិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបំពេញស្តុកសព្វាវុធរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានខិតខំផ្គត់ផ្គង់ពួកវាឱ្យទៅអ៊ុយក្រែន ដែលស្ថិតក្នុងសង្រ្គាមអូសបន្លាយជាមួយរុស្ស៉ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

