ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ប្រទេសអ៊ូហ្កង់ដា
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបន្ត ដឹកនាំគណៈប្រតិភូរដ្ឋា ភិ បាល កម្ពុជា ចូលរួម កិច្ចប្រជុំកំពូល លើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ក្រោមប្រធានបទ៖ “កុំទុកនរណាម្នាក់ចោល” (LEAVING NO ONE BEHIND) ដែលប្រព្តឹត្តិទៅរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៤ នៅ ទីក្រុង Kampala ប្រទេសអ៊ូហ្កង់ដា។
គួរបញ្ជាក់ថាកិច្ចប្រជុំកំពូលលើកទី៣ G77 ក្រោមប្រធានបទ “កុំទុកនរណា ម្នាក់ ចោល” ដែលបានរៀចំឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយបាន ផ្តោតសំខាន់ទៅលើកិច្ចពិភាក្សា រៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមនានាដែលប្រទេសសមាជិកកំពុងជួបប្រទះ ផ្តោតលើវិស័យ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជា កំណត់គោលដៅរួមសម្រាប់ប្រទេសដែលចូលរួមទាំងអស់ផងដែរ។ កិច្ចប្រជុំកំពូលនេះ នឹងដើរតួនាទីជាវេទិការួមសម្រាប់រដ្ឋជាសមាជិក ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងការតស៊ូមតិ ឈានទៅសម្រេចផលប្រយោជន៍រួមគ្នាលើឆាកអន្តរជាតិ ។

ថ្លែងសន្ទរកថា នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណជាថ្មី ចំពោះរដ្ឋាភិបាលនៃប្រទេសអ៊ូហ្គង់ដា ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក៏ដូចជាបានអបអរសាទរ ចំពោះ ឯកឧត្តម Yoweri Kaguta Museveni, សម្រាប់ការចូលកាន់ តំណែង ជាប្រធាននៅក្នុងកិច្ចប្រជុំកំពូលនេះ។
តាមរយៈសន្ទរកថានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានចែក រំលែកសារសំខាន់ចំនួន ៧ចំណុច ដោយក្នុងនេះបានផ្តោ ទៅលើ គោលជំហរ របស់កម្ពុជា ក្នុងនាមជាសមាជិក G77, ក្នុងរយៈពេលពីរទសវត្សរ៍ កម្ពុជាទទួល បាននូវអត្រា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម៧% កាត់បន្ថយភាពក្រីក្រពី ៥០% នៅក្នុងឆ្នាំ២០០៥ មកនៅត្រឹមតែ ៩% នៅក្នុងឆ្នាំ២០១៩ ដោយបានផ្លាស់ប្តូរ ស្ថានភាពប្រទេសពីប្រទេសអភិវឌ្ឍន៍តិច មកជាប្រទេស ដែលមានប្រាក់ ចំណូល មធ្យមកម្រិតទាប។

ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវសហការគ្នាដើម្បីថែរក្សាបរិយាកាសខាងក្រៅ ដោយធ្វើ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាមួយនឹងអង្គការពាណិជ្ជកម្មអន្តរជាតិ ដែល ជួយលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម និង ធានាឱ្យបាននូវភាពធន់នៃខែ្សសង្វាក់តម្លៃក្នុងកម្រិតតំបន់ និងកម្រិតពិភពលោក។
កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដូចជា ក្នុងក្របខ័ណ្ឌអាស៊ាន កិច្ចព្រមព្រៀងសេរីទ្វេភាគី និងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុង ជ្រោយក្នុងតំបន់ ។ ការប្រែប្រួលអាកាសធាតុនៅតែជា បញ្ហាប្រឈម ដែលគំរាម កំហែង ដល់មនុស្សជាតិ ហើយប្រទេសកំពុងអភិវឌ្ឍន៍ គឺជាប្រទេសដែលងាយ រងគ្រោះ បំផុតពីបញ្ហានេះ។ ការប្តេជ្ញាចិត្តក្នុងការអនុវត្តតាម របៀបវារៈ នៃការប្រែ ប្រួលអាកាសធាតុ យើងត្រូវប្រកាន់យកនូវគោលការណ៍រួម ប៉ុន្តែទទួលខុសត្រូវ លើផ្នែកផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន ជាមួយនឹងការតម្រូវឱ្យប្រទេស អភិវឌ្ឍរក្សាការសន្យាលើជំនួយដែលដោះស្រាយបញ្ហាអាកាសធាតុ។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាចាំបាច់មិនអាចខ្វះបាន ជាមួយសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច លើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ ក្នុងបុព្វហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធីបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើការកសាងមូលធនមនុស្ស និង វិទ្យាសាស្ត្រ បច្ចេកវិទ្យា សំដៅសម្រេចប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លើកទឹកចិត្ត ឱ្យប្រទេសសមាជិកG77 ទាំងអស់ងាកមកប្រើប្រាស់ថាមពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកសាងអនាគតប្រកបដោយភាពរុងរឿង បរិយាប័ន្ន មានភាពធន់ និងមាននិរន្តរភាពសម្រាប់មនុស្សជាតិគ្រប់គ្នា ។
គួរបញ្ជាក់ដែរថា G77 គឺជាសម្ព័ន្ធនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលរៀបចំកិច្ចប្រជុំកំពូលជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំដៅរកដំណោះស្រាយចំពោះបញ្ហាសំខាន់ៗដែលប្រទេសសមាជិកកំពុងប្រឈម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិក ៕


ដោយ ៖ ម៉ាដេប៉ូ