ប្រធានមន្ទីទេសចរណ៍ខេត្តមណ្ឌលគីរី ៖ ដើមឆ្នាំ២០២៤នេះ ខេត្តទទួលបាន កំណើន ភ្ញៀវទេសចរច្រើនជាងដើមឆ្នាំ២០២៣ កន្លងទៅ
(ភ្នំពេញ)៖ ចូលដើមឆ្នាំ២០២៤នេះ ខេត្តមណ្ឌលគីរីទទួលបានកំណើនភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ក្នុងរង្វង់ប្រមាណជា ៣០% ក្នុងនោះបើនិយាយពីភ្ញៀវ ទេសចរបរទេសវិញ គឺមានកំណើនជាង ៣០ ជិត៤០% ដែលបានមកទស្សនា នៅតាម រមណីយដ្ឋាននានារបស់ខេត្តមណ្ឌលគីរី ដែលខេត្តមានរមណីយដ្ឋាន ទេសចរណ៍ បែបធម្មជាតិ និងបែបវប្បធម៌ចំនួន ១០៥កន្លែង។ នេះជាការលើក ឡើងរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី លោក ស៊ាង សឿន។
លោក ស៊ាង សឿន បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី២ និងសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៤នេះ ខេត្ត មណ្ឌលគីរីទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣,០០០នាក់ ក្នុង ១សប្តាហ៍។ លោកថា សម្រាប់ខេត្តមណ្ឌលគីរី ឯកឧត្តមអភិ បាល នៃគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរទេសចរណ៍បានដាក់ទិសដៅ អនុវត្តន៍ ទៅតាមផែនការមេនៃវិស័យទេសចរណ៍ ដោយអភិបាលនៃគណៈអភិបាល ខេត្តបាន ជំរុញឱ្យ វិស័យពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់ទៅលើផែនការមេនេះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនានាដើម្បីជាស្នូលក្នុងការជម្រុញកំណើន ភ្ញៀវទេសចរ ដោយលោកបានលើកជាឧទាហរណ៍ថា ភ្ញៀវ ទេសចរកាលណាគាត់ មាន ផ្លូ វថ្នល់ល្អក្នុងធ្វើដំណើរកម្សាន្តនៅក្នុងខេត្តរបស់យើង គាត់មកម្តងហើយ គាត់ នឹងចង់មកម្តងទៀត ហើយអ្វីដែលកាន់តែពិសេសក្នុងការអន្ទងចិត្តភ្ញៀវ ទេសចរ នោះគឺ សេវាកម្មសម្រាប់ វិស័យទេសចរណ៍នេះតែម្តង ដែលមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគីរី កំពុងតែយកចិត្តទុកដាក់ជាខ្លាំងក្នុងការ បណ្តុះ បណ្តាល ដល់ បុគ្គលិក បម្រើ សេវាទេសចរណ៍ ដោយកាលពីឆ្នាំ២០២៣កន្លងទៅ យើងធ្វើកា បណ្តុះបណ្តាលបានចំនួន ១៨៨នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី លោក សេង សឿន បានគូសបញ្ជាក់ថា មន្ទីរទេសចរណ៍ ក៏ដូចជា ផ្នែកពាក់ព័ន្ធក្នុងខេត្ត តែងបានចុះផ្សព្វផ្សាយដល់អាជីវករ ក្នុងវិស័យទេសចរណ៍នេះជាប្រចាំ ជាពិសេសសម្រាប់រដូវមានបុណ្យទាន ដោយ សូម ឱ្យម្ចាស់អាជីវកម្មទាំងអស់រក្សានូវតម្លៃ ដោយមិនត្រូវឡើងថ្លៃទេ ដូចជា ៖ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ និងម្ហូបអាហារជាដើម។
លោកថា ការធ្វើរបៀបនេះ គឺដើម្បី រក្សាដង្ហើម និងរក្សាជីវិតនៃវិស័យ ទេសចរណ៍ក្នុងខេត្តមណ្ឌលគីរីទាំងមូលឱ្យរស់ជារៀងរហូត និងជាការ ទាក់ទាញភ្ញៀវឱ្យពួកគាត់មកម្តងហើយ ចង់មកម្តងទៀតផងដែរ។
លោក សេង សឿន បានសម្តែងនូវសុទិដ្ឋិនិយមផ្ទាល់ខ្លួនរបស់លោកថា សម្រាប់ភ្ញៀវទេសចរដែលនឹងមក កម្សាន្តនៅខេត្តមណ្ឌលគីរីនេះនឹងត្រឡប់ ទៅរកដូចកាលមុនសម័យកូវីដ-១៩ ឡើងវិញ ហើយក៏អាចកើន លើសពីមុន សម័យកូវីដ-១៩នេះថែមទៀតផង ដោយខេត្តសង្ឃឹមថា នឹងអាចទទួលបានភ្ញៀវ ចាប់ពី ៣០ម៉ឺននាក់ឡើងទៅនៅក្នុង ១ឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះតទៅ ដោយលោក បានអះអាងថា ខេត្តកំពុងជម្រុញ ដល់អង្គភាព និងមន្ទីរពាក់ព័ន្ធទាំងអស់ ឱ្យជួយ សម្រួលចំពោះផ្លូវធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋាននានាឱ្យបានល្អប្រសើរ ដែលនៅទូទាំងខេត្តមណ្ឌលគីរីទាំងមូលមានរមណីយដ្ឋានបែបធម្មជាតិ និងបែប វប្បធម៌សរុបចំនួន ១០៥កន្លែង តែបច្ចុប្បន្នកន្លែងដែលភ្ញៀវទេសចរទៅ កម្សាន្តច្រើន ជាងគេគឺមានតែ ទឹកជ្រោះប៊ូស្រា, សមុទ្រឈើ, ភ្នំណាមលៀ និងភ្នំដោះក្រមុំ ប៉ុណ្ណោះ តែយើងចង់ឱ្យភ្ញៀវទេសចរអញ្ជើញទៅកាន់រមណីយដ្ឋានផ្សេងៗទៀត ដែលយើងមានរហូតទៅដល់ ១០៥កន្លែងឯណោះ។
សូមជម្រាបជូនថា៖ កាលពីឆ្នាំ២០២៣កន្លងទៅខេត្តមណ្ឌលគីរីទទួលបានភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិ ប្រមាណជាង ២៦ម៉ឺននាក់ គឺកើនឡើងជាង ៣០% បើធៀបទៅនឹងឆ្នាំ២០២២៕
ដោយ ៖ ជាវ ចន្ធូ










