តុលាការយុត្តិធម៌អន្តរជាតិ៖ អ៊ីស្រាអែលត្រូវតែទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅហ្គាហ្សា
បរទេស៖ តុលាការកំពូលរបស់អង្គការសហប្រជាជាតិបានសម្រេច កាលពីថ្ងៃសុក្រថា អ៊ីស្រាអែលត្រូវតែទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ ចូលទៅក្នុងទឹកដីនោះ។
យ៉ាងណាមិញ តុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ ICJ មួយនេះមិនបានសម្រេចថា តើអ៊ីស្រាអែលពិតជាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ជាមួយនឹងយុទ្ធនាការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ឬ យ៉ាងណានោះទេ។ ការណ៍នេះនាំឲ្យមានការព្យាករណ៍ថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅទីនោះ ទំនងជានឹងចំណាយពេល ជាច្រើនឆ្នាំទៀត។
តុលាការបានសម្រេចថា ស្ថានការណ៍មនុស្សធម៌ដ៏មហន្តរាយ នៅក្នុងតំបន់ហ្គាហ្សា នឹងមានហានិភ័យធ្ងន់ធ្ងរ យ៉ាប់យ៉ឺន បន្ថែមទៀត។ តុលាការបាននិយាយថា អ៊ីស្រាអែលត្រូវតែ «ចាត់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួន» ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍។ តុលាការក៏បានជំរុញឲ្យអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ និងមានប្រសិទ្ធភាព ដើម្បីបើកការផ្តល់សេវាមូលដ្ឋានចាំបាច់ជាបន្ទាន់ និងជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា អាហ្រ្វិកខាងត្បូង ដែលគេដឹងថា ជាអ្នកគាំទ្រនៃបុព្វហេតុប៉ាឡេស្ទីន ជាយូរមកហើយនោះ គឺជាប្រទេសដែលបាននាំយក បណ្តឹងប្រឆាំងនឹងអ៊ីស្រាអែល ទៅតុលាការយុត្តិអន្តរជាតិ ដោយចោទប្រកាន់ថា អ៊ីស្រាអែលបំពានអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨។ អនុសញ្ញានេះត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោក លើកទី២ និងការសម្លាប់រង្គាល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលករណីនេះថា ជារឿងដ៏គួរឱ្យស្អប់ខ្ពើម។ ប៉ុន្តែមេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សាបានសាទរចំពោះសេចក្តីសម្រេចរបស់ ICJ ដោយនិយាយថា វា «រួមចំណែកធ្វើឱ្យអ៊ីស្រាអែលឯកោ និងបង្ហាញឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា»៕ ប្រភពពីAFP ប្រែសម្រួល៖ សារ៉ាត

