ព្រឹត្តិការណ៍វាយសីជើងឯកពានរង្វាន់ Yonex Main Vision នឹងរួមចំ ណែកផលិតបានធនធានវ័យក្មេងគុណភាពសម្រាប់ឆ្នាំ២០២៩
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តម សេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធ កីឡាវាយសី កម្ពុជា បានថ្លែងបញ្ជាក់ នៅថ្ងៃបើការប្រកួត កីឡាវាយសីពានរង្វាន់ Yonex Main Vision នាព្រឹកថ្ងៃទី២៧ ខែកមរា ម្សិលមិញនេះថា ព្រឹត្តិការណ៍ ប្រកួត សហការរួមគ្នារវាងសហព័ន្ធកីឡាវាយសី និងក្រោមគាំទ្រពីក្រុមហ៊ុន Yonex នឹងជ្រើសរើសបានកីឡាករល្អៗវ័យក្មេងពោពេញដោយសមត្ថភាព និង គុណភាពមកបំប៉នហ្វឹកហាត់ត្រៀមចូលរួម ក្នុងព្រឹត្តិការណ៍កីឡាយុវជន
ក្នុង ឆ្នាំ ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍បង្កើតរួមគ្នានេះ នឹងចម្រាញ់ជ្រើសរើសយកកីឡាករវ័យក្មេងចំនួន៦រូបដែលមានទេពកោសល្យខ្ពស់ ដើម្បីសហព័ន្ធយកមកបង្វឹកជាមួយគ្រូជនជាតិកូរ៉េ ក្រោមការឧបត្ថម្ភគាំទ្រ ដោយក្រុមហ៊ុន Yonex។
លោកថា ព្រឹត្តិការណ៍ប្រកួតនេះ ក្រៅពីចម្រាញ់យកកីឡាករវ័យក្មេងអាយុ ១២ឆ្នាំ វាក៏ជាព្រឹត្តិការណ៍ប្រកួតមួយបំផុស អភិវឌ្ឍកីឡាវាយសីនៅកម្ពុជា ឈានទៅរកសក្តានុពលដូចបណ្តាលប្រទេសនានានូវក្នុងតំបន់ផងដែរ។
លោក ស្រី Susan Lim អ្នកតំណាងចែកចាយផលិតផល Yonex ប្រចាំ ប្រទេស កម្ពុជា និងឡាវ បានមានប្រសាសន៍ថា មូលហេតុដែល Yonex គាំទ្រ សហការបង្កើតព្រឹត្តិការណ៍ប្រកួតនេះនៅកម្ពុជា ព្រោះចង់រួមចំណែក អភិវឌ្ឍ កីឡាវាយសីនៅកម្ពុជាឲ្យកាន់តែរីកចំរើន ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ Yonex នឹងក្លាយជាផ្នែកមួយបណ្តុះបណ្តាលយុវជនវ័យក្មេងរបស់កម្ពុជាឲ្យក្លាយជាធនធានដ៏ឆ្នើមប្រជែងក្នុងព្រឹត្តិការណ៍យុវជនអាស៊ីផងដែរ។
គួររំលឹកថា ព្រឹត្តិការណ៍វាយសីជើងឯកពានរង្វាន់ Yonex Main Vision ២០២៤នេះ គណៈកម្មាការរៀបចំការប្រកួតបានដាក់វិញ្ញសាចំនួន៣ គឺ វិញ្ញសា វាយគូបុរសកម្រិត“ក” វិញ្ញាសាវាយគូបុរសកម្រិត“ខ” និងវិញ្ញាសាកុមារអាយុ ក្រោម១២ឆ្នាំ។ ក្នុងនោះ កុមារ៉ា១៦នាក់ជ្រើសរើសយក៦នាក់ មកហ្វឹកហាត់ បំប៉ន ជាមួយសហព័ន្ធកីឡាវាយសីក្រោមការគាំទ្រឧបត្ថម្ភពីក្រុមហ៊ុន Yonex ៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ



