អភិបាលខេត្តកំពង់ឆ្នាំង បញ្ជូនគ្រឿងចក្រ ២គ្រឿង ជីកប្រឡាយ ជួយ សង្គ្រោះស្រូវប្រាំង កសិករ ស្រុកបរិបូរណ៍
កំពង់ឆ្នាំង៖ ស្រូវប្រាំងរបស់ប្រជាកសិករចំនួនជាង ៧០០ហិកតា ក្នុង ភូមិសាស្រ្ត ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ដែលកំពុងជួបប្រទះ នូវការក្រៀមស្វិត ដោយសារតែគ្មានទឹកស្រាចស្រព ខណៈនេះត្រូវបាន ឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹក រួមទាំងក្រុមការងារអាជ្ញាធរមូលដ្ឋាន កំពុងមមាញឹក ក្នុងការចុះពិនិត្យ ដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីន បូមទឹកខ្នាតធំ នៅតាមបណ្ដាទីតាំងដើម្បីសង្គ្រោះស្រូវប្រាំងខាង លើនេះ ឲ្យបានទាន់ពេលវេលា។
ក្នុងនោះឯកឩត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្រេចបញ្ជូន គ្រឿង ចក្រ ចំនួន ២គ្រឿងជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង ៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធុនធំ ដើម្បីនាំទឹកពីទន្លេ យកមក ស្រោចស្រព ស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិតចំនួនជាង ៧០០ហិកតា ស្ថិតនៅភូមិសាស្រ្តខាងលើនេះ។
លោក លន់ គង់ មេឃុំខុនរ៉ង បញ្ជាក់ឲ្យដឹងកាលពីព្រឹក ថ្ងៃ ទី ២៨ ខែមករា ឆ្នាំ
២០២៤នេះថា៖ ប្រឡាយដែលស្ដារនេះមានប្រវែងជាង ២.៥០០ម៉ែត្រ,ទទឹង
៥ម៉ែត្រ,ជម្រៅ៣ម៉ែត្រនិងប្រឡាយមួយខ្សែទៀតត្រូវជីកនាំទឹកពីមាត់ទន្លេមានប្រវែងជាង ១.០០០ម៉ែត្រ ហើយប្រឡាយមួយខ្សែនេះដែរ ជាផ្លូវទឹកសម្រាប់ ប្រជាពលរដ្ឋធ្វើចរាចរណ៍ទូកកាណូតរបស់ពួកគាត់ មករក្សាទុកក្នុង មូលដ្ឋានផងដែរ៕
សុខ គឹមសៀន





