ជំនាញធុរកិច្ចភេសជ្ជៈផ្តល់សង្ឃឹមខ្ពស់ដល់យុវជនដែលស្វែងរកមុខរបរ
ភ្នំពេញ៖ យុវជន យុវនារីមកពីគ្រួសារក្រីក្រ ដែលកំពុងសិក្សា ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ មានក្តីរំពឹងថា ខ្លួននឹងអាចបម្រើការងារជា បុគ្គលិក នៅហាងកាហ្វេឬក៏អាចបើកហាងកាហ្វេតូចមួយដោយ ខ្លួនឯង បន្ទាប់ពីបានរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកជំនាញ កាហ្វេចប់នារយៈពេល ៤ខែខាងមុខ ។
យុវតីមកពីខេត្តបន្ទាយមានជ័យ កញ្ញា ហៀត រក្សា កំពុងសិក្សា ជំនាញវិជ្ជាជីវៈផ្នែកធុរៈភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តបានរៀបរាប់ថារៀនចប់រយៈពេល៤ខែផ្នែកជំនាញកាហ្វេនៅទីនេះខ្ញុំអាចទៅបម្រើការងារនៅហាងកាហ្វេបានដែលវាជាជំហានដំបូងរបស់ខ្ញុំ និងបន្ទាប់មកទៀតខ្ញុំមានក្តីបំណងចង់ បើកជាហាងកាហ្វេតូចៗដោយខ្លួនឯង ។
យុវតីរូបនេះបាននិយាយអំពីមូលហេតុដែលជ្រើសរើសរៀនមុខវិជ្ជានេះថាការជ្រើសយកជំនាញកាហ្វេនេះដោយសារនៅកម្ពុជានាពេលបច្ចុប្បន្ន កាហ្វេ គឺជាភេសជ្ជៈមួយដែលពេញនិយម។ ដូច្នេះទីផ្សារការងារផ្នែកកាហ្វេក៏ល្អដែរនាពេលសព្វថ្ងៃ។
ការសិក្សាជំនាញធុរកិច្ចកាហ្វេយុវតីសង្ឃឹមថាខ្លួននឹងអាចមានការងារមួយច្បាស់លាស់និងប្រាក់ចំណូលសមរម្យដែលធ្វើឱ្យជីវភាពគ្រួសារបានប្រសើរជាងនេះនាពេលអនាគត។
ចំណែកយុវជន ព្រំ ពេជ្រ មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ ដែលកំពុងសិក្សាជំនាញធុរកិច្ចភេសជ្ជៈដូចគ្នានេះដែរបាន និយាយ ថា “ការចង់ចេះឆុងកាហ្វេនេះគឺជាជំនាញមួយនៅ ក្នុងក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចបើកហាងកាហ្វេ តូចមួយ សម្រាប់ខ្លួនឯងនៅពេលអនាគត ។
យុវជនព្រំ ពេជ្រ បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបាន សិក្សា ជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ មានប្រាក់ ចំណូមសមរម្យ។
យុវជនរូបនេះ រំពឹងថាខ្លួននឹងជាអ្នកស្រោចស្រង់ជីវភាពគ្រួសារ បានប្រសើរជាងពេលបច្ចុប្បន្ន ខណៈដែលគ្រួសារក្រីក និង ឪពុកម្តាយកាន់តែជរាទៅពីមួយថ្ងៃទៅថ្ងៃ។
សូមបញ្ជាក់ថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដែល បានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បានបោះជំហានទៅមួយដំណាក់កាល ទៀត ហើយ ដោយកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤កន្លងទៅក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសន កាល ជាផ្លូវការនៅទូទាំងប្រទេស៕
ដោយ៖វណ្ណលុក



